អន្តរជាតិ

អ្នកជំនាញម្នាក់អះអាងថា ចំនួនអ្នកជំងឺកូវីដ-១៩ជាក់ស្តែងនៅថៃអាចច្រើនជាងតួលេខក្នុងរបាយការណ៍ផ្លូវការរហូតដល់ ១០ដង

BY
Pheakdey
June 27, 2022

ថៃ៖ អ្នកជំនាញជនជាតិថៃម្នាក់បានលើកឡើងថា ចំនួនជាក់ស្តែងនៃអ្នកជំងឺកូវីដ-១៩គឺមានខ្ពស់ជាងតួលេខដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលថៃ ពោលគឺអ្នកឆ្លងពិតប្រាកដមានចំនួនច្រើនតួលេខក្នុងរបាយការណ៍រហូតដល់ ១០ដងឯណោះ។ ការអះអាងនេះត្រូវបានធ្វើឡើងបន្ទាប់ពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនាម្សិលមិញនេះ អាជ្ញាធរសុខាភិបាលបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ ត្រឹមជាង ២ពាន់នាក់ និងស្លាប់ត្រឹម ១៧នាក់ប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា អ្នកជំនាញដែលបានធ្វើការអះអាងដូចខាងលើនេះគឺលោកវេជ្ជបណ្ឌិត Yong Poovorawan  ដែលជាប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៃសកលវិទ្យាល័យជូឡាឡុងកន។

Thailand’s real Covid numbers far higher than reported: top virologist

អ្នកជំនាញផ្នែកមេរោគឆ្លងរូបនេះបានបន្តថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩មានការកើនឡើងខ្ពស់ក្នុងចំណោមកូនក្មេងបន្ទាប់ពីសាលារៀនត្រូវបានបើកទ្វារជាធម្មតាឡើងវិញ ហើយចំនួនកូនសិស្សដែលបានឆ្លងជំងឺកូវីដ-១៩ ជាក់ស្តែងនោះគឺប្រហែលជាពាក់កណ្តាលនៃចំនួនកូនសិស្សសរុបតែម្តង។ ដើម្បីទទួលបានទិន្នន័យអ្នកឆ្លងពិតប្រាកដគេត្រូវបង្កើតឲ្យមានអ្នកត្រួតពិនិត្យនៅតាមកន្លែងធ្វើតេស្តនីមួយៗ តែជាក់ស្តែងតួលេខដែលអាជ្ញាធរសុខាភិបាលចុះផ្សាយជាផ្លូវការរាល់ថ្ងៃនេះគឺគ្រាន់តែជាការរាប់ចំនួនអ្នកជំងឺនៅតាមមន្ទីរពេទ្យនិងចំនួនអ្នកទៅធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) ប៉ុណ្តោះ ពោលគឺមិនបានរាប់បញ្ចូលអ្នកធ្វើតេស្តដោយឧបករណ៍តេស្តរហ័សនិងអ្នកសម្រាកព្យាបាលដោយខ្លួនឯងនៅតាមផ្ទះឡើយ។

លោកវេជ្ជបណ្ឌិត Yong Poovorawan បានព្យាករណ៍ទៀតថា មេរោគនៃជំងឺកូវីដ-១៩នឹងរាតត្បាតខ្លាំងនៅចន្លោះខែកក្កដាដល់កញ្ញា តែធ្លាក់ចុះមកវិញនៅចន្លោះពីខែតុលាដល់ខែធ្នូ ហើយក៏រាតត្បាតខ្លាំងម្តងទៀតអំឡុងខែមករាឆ្នាំក្រោយ៕

Thailand’s real Covid numbers far higher than reported: top virologist

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

 

 

 

Share This Post: