ប្រទេស G7 សន្យារៃអង្គាសប្រាក់ ៦០០ពាន់លានដុល្លារដើម្បីទប់ទល់ជាមួយនឹងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន
- BY
- Pheakdey
- June 27, 2022
អាឡឺម៉ង់៖ ក្រុមមេដឹកនាំនៃប្រទេស G7 បានសន្យារួមគ្នាថា នឹងរៃអង្គាសប្រាក់ចំនួន ៦០០ពាន់លានដុល្លារដើម្បីផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ខណៈការផ្តល់ហិរញ្ញប្បទាននេះក៏ជាផ្នែកមួយនៃការទប់ទល់ជាមួយនឹងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រទេសចិនផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការសន្យារួមគ្នានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបប្រចាំឆ្នាំមួយ ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនាម្សិលមិញនេះ នៅឯវិមាន Schloss Elmau ក្នុងប្រទេសអាឡឺម៉ង់។ តាមគម្រោងគឺហរិញ្ញប្បទានក្នុងចំនួនទឹកប្រាក់ដ៏ច្រើនខាងនេះនឹងត្រូវផ្តល់ជូនក្នុងទម្រង់ជាមូលនិធិឯកជននិងសាធារណៈ ដែលមានរយៈពេលរហូតដល់ ៥ឆ្នាំ។

បើតាមលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងក្រុមមេដឹកនាំនៃប្រទេស G7 បានហៅគម្រោងផ្តល់ហិរញ្ញប្បទាននេះថា “ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល”។ នៅក្នុងកិច្ចប្រជុំនោះលោក ចូ បៃឌិន បានបញ្ជាក់ថា អាមេរិក នឹងកៀរគររកជំនួយឥតសំណង មូលនិធិសហព័ន្ធ និងការវិនិយោគឯកជន ដែលមានទំហំជាទឹកប្រាក់ ២០០ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រគម្រោងនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនិងមធ្យម សម្រាប់ជួយដោះស្រាយការប្រែប្រួលអាកាសធាតុ ក៏ដូចជាការកែលម្អសុខភាពសកល សមភាពយេនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ជាមួយគ្នានោះដែរសភាពអឺរ៉ុបនឹងត្រូវនឹងកៀរគររកជំនួយបន្ថែមទៀតក្នុងរូបភាពនិងគោលបំណងដូចគ្នាជាមួយនឹងអាមេរិកនេះ តែមានទំហំទឹកប្រាក់រហូតដល ៣០០ពាន់លានអឺរ៉ូ (ជាង ៣១៧ពាន់លានដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






