អន្តរជាតិ

តៃវ៉ាន់សម្រេចដំឡើងថ្លៃអគ្គិសនីជាមធ្យម ៨,៤% ដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃថាមពលជាសកល

BY
Pheakdey
June 28, 2022

តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់បានសម្រេចដំឡើងថ្លៃអគ្គិសនីជាមធ្យម ៨,៤%​ នៅទូទាំងដែនដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទ ទី២៧ ខែមិថុនាម្សិលមិញនេះ។ ការសម្រេចដំឡើងថ្លៃចំពោះភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់នេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពលជាសកលដែលជាឥទ្ធិពលអាក្រក់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈសេចក្តីសម្រេចរបស់អាជ្ញាធរតៃវ៉ាន់នេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដានេះតទៅតែម្តង។

បើតាមលោក Wang Mei-hua  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បានបញ្ចក់ថា សម្រាប់ឧស្សាហខ្នាតធំវិញតម្លៃអគ្គិសនីអាចនឹងត្រូវដំឡើងថ្លៃរហូតដល់ ១៥% ហើយគេរំពឹងថានៅចំពោះការឡើងថ្លៃនៃតម្លៃអគ្គិសនីនេះគឺអ្នកប្រើប្រាស់ទាំងអស់នឹងចូលរួមកាត់បន្ថយការប្រើប្រាស់អគ្គិសនីឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ពោលគឺប្រើប្រាស់ក្នុងលក្ខណៈសន្សំសំចៃជាទីបំផុត។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា សម្រាប់នៅក្នុងឆ្នាំ ២០២២នេះការចំណាយលើប្រេងឥន្ទនៈរបស់ក្រុមហ៊ុន Taipower អាចនឹងកើនឡើងរហូតដល់ ៣០០ពាន់លានដុល្លារតៃវ៉ាន់ (១០,១៣ពាន់លានដុល្លារអាមេរិក) បើធៀបទៅនឹងការចំណាយនាឆ្នាំកន្លងមក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: