អន្តរជាតិ

ជនភៀសខ្លួន ៤៦នាក់ត្រូវបាត់បង់ជីវិតនិង ១៦នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយព្យាយាមសម្ងំលាក់ខ្លួននៅក្នុងរថយន្តទ្រុងយ៉ាងយូរដើម្បីបានឆ្លងដែនទៅអាមេរិក

BY
Pheakdey
June 28, 2022

អាមេរិក៖ ជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់ចំនួន ៤៦នាក់បានថប់ដង្ហើមស្លាប់ក្រោយពួកគាត់ព្យាយាមសម្ងំលាក់ខ្លួននៅក្នុងរថយន្តទ្រុងសម្រាប់ដឹកទំនិញអស់រយៈពេលជាយូរមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនានេះបានឲ្យដឹងថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅចំណុចព្រំដែនអាមេរិក-ម៉ិចស៊ីកូ ខណៈនាយកដ្ឋានអគ្គីភ័យនៃទីក្រុង San Antonio រដ្ឋ Texas របស់សហរដ្ឋអាមេរិកគឺជាអ្នកធ្វើអន្តរាគមន៍ជុំវិញករណីឆ្លងដែនខុសច្បាប់មួយនេះ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ អាជ្ញាធរអាមេរិកក៏បានរកឃើញជនភៀសខ្លួននៅរស់មានជីវិតចំនួន ១៦នាក់ផ្សេងទៀតផងដែរ ហើយពួកគាត់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះបានរងគ្រោះដោយអាការអស់កម្លាំងយ៉ាងខ្លាំង ខណៈអ្នកខ្លះបានកើតមានបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់នេះបានធ្វើដំណើរដោយសម្ងំលាក់ខ្លួនប្រជ្រៀតគ្នានៅក្នុងទ្រុងរបស់រថយន្តដឹកទំនិញក្នុងចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រ ខណៈសីតុណ្ហភាពនៅខាងក្រៅបានកើនដល់ ៣៩,៤ អង្សាសេ។ នៅចំពោះមុខហេតុការណ៍នេះអាជ្ញាធរអាមេរិកបានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ពីបទរត់ពន្ធមនុស្សដោយច្បាប់ ហើយឧប្បត្តិហេតុនេះក៏ជាករណីរត់ពន្ធមនុស្សដែលបង្កឲ្យមានអ្នកស្លាប់ច្រើនបំផុតសម្រាប់អាមេរិកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: