អន្តរជាតិ

ស្រីលង្កាសម្រេចផ្អាកផ្គត់ផ្គង់ប្រេងឥន្ទនៈក្នុងវិស័យជាច្រើននិងប្រាប់ឲ្យពលរដ្ឋត្រូវសម្ងំនៅផ្ទះក្នុងដំណាក់កាលដ៏លំបាកនេះ

BY
Pheakdey
June 28, 2022

ស្រីលង្កា៖ ការសែត Straits Times នៅព្រឹកថ្ងៃអង្គារ ទី២៨​ ខែមិថុនានេះបានរាយការណ៍ថា ប្រទេសស្រីលង្កាហាក់ដូចកំពុងបិទខ្ទប់ប្រទេសខ្លួនអីចឹង ក្រោយរដ្ឋាភិបាលនៃប្រទេសដែលបានប្រកាសក្ស័យធនមួយនេះបានម្រេចផ្អាកផ្គត់ផ្គង់ប្រេងឥន្ទនៈក្នុងវិស័យជាច្រើននៅទូទាំងប្រទេស។ យោងតាមសេចក្តីថ្លែងការរបស់លោក Bandula Gunawardena អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្កាបានបញ្ជាក់ថា នៅចំពោះស្ថានភាពដែលប្រទេសកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនិងខ្វះខាតប្រេងឥន្ទនៈយ៉ាងច្រើននេះ រដ្ឋាភិបាលបានសម្រេចដាក់កម្រិតចំពោះការប្រើប្រាស់ប្រេងឥន្ទនៈយ៉ាងតឹងរឹងបំផុតចាប់ពេលជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែកក្កដា ឬរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។

នៅក្នុងដំណាក់កាលដ៏លំបាកនេះអាជ្ញាធរនឹងផ្អាកការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់រថយន្តឯកជន ការធ្វើដំណើរនៅក្នុងវិស័យមិនសូវចាំបាច់មួយចំនួន ហើយមធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងខេត្តមួយចំនួនក៏អាចនឹងត្រូវផ្អាកផងដែរ។ យ៉ាងណាក្តី មានវិស័យចំបាច់មួយចំនួនដែលត្រូវបានផ្តល់អទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ទនៈមានដូចជា កំពង់ផែ សេវាសុខាភិបាល និងវិស័យដឹកជញ្ជូនចំណីរអាហារជាដើម។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋទូទៅត្រូវបានណែនាំឲ្យនាំគ្នានៅផ្ទះបើគ្មានភារកិច្ចចាំបាច់ត្រូវធ្វើដំណើរចេញក្រៅផ្ទះ ក្រុមកូនសិស្សនិងមន្ត្រីរាជការមួយផ្នែកធំត្រូវតម្រូវឲ្យរៀននិងធ្វើការនៅតាមផ្ទះ​ ខណៈរដ្ឋាភិបាលនឹងបន្ថែមការផ្គត់ផ្គង់លើសេវាអ៊ីនធឺណិតដើម្បីបំពេញនូវការប្រើប្រាស់ក្នុងអំឡុងពេលដ៏លំបាកនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Straits Times

Share This Post: