យ៉ាងហោចណាស់មានមនុស្ស ១៩នាក់បានបាត់បង់ជីវិតនិង ១៤នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ដួលរលំអាគារមួយកន្លែងនៅឥណ្ឌា
- BY
- Pheakdey
- June 29, 2022
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៩ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដួលរលំអាគារមួយកន្លែងនៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារ ទី២៨ ខែមិថុនាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា អាគារដែលបានដួលរលំនោះមានកម្ពស់ ៤ជាន់ ហើយមូលហេតុបង្កឲ្យមានការដួលរលំនេះគឺបណ្តាលមកពីឥទ្ធិពលនៃខ្យល់មូសុងដ៏អាក្រក់មួយ ដែលបង្កើតមានឲ្យមានខ្យល់បោកបក់យ៉ាងខ្លាំង មានភ្លៀងធ្លាក់យ៉ាងជោគជាំ និងមានការបាក់ស្រុតដីនៅតំបន់មួយចំនួនទៀតផង។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហ្តរាយឥណ្ឌាបានឲ្យដឹងបន្ថែមថា ក្រៅតែពីបានរកឃើញអ្នកស្លាប់នៅនឹងកន្លែងកើតហេតុ ក្រុមអ្នកជួយសង្គ្រោះក៏បានរកឃើញអ្នករងរបួសចំនួន ១៤នាក់ផ្សេងទៀតផងដែរ ហើយជនរងគ្រោះទាំងអស់នោះសុទ្ធតែមានរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ គិតរហូតមកទល់ព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនានេះ ប្រតិបត្តិការណ៍រុករកជនរងគ្រោះក្នុងគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ ខណៈក្រុមអ្នកជំនាញឥណ្ឌាបានព្រមានថា ហេតុការណ៍អកុសលដូចខាងលើនេះអាចនឹងបន្តកើនមានជាច្រើនករណីទៀត ដ្បិតគ្រោះធម្មជាតិនាពេលបច្ចុប្បន្ននេះនិងនៅពេលអនាគតនឹងមានលក្ខណៈអាក្រក់កាន់តែខ្លាំងឡើងៗ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






