អន្តរជាតិ

ចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍រត់ពន្ធមនុស្សទៅអាមេរិកកើនដល់ ៥១នាក់ ខណៈជនសង្ស័យ ២នាក់ត្រូវបានសម្រេចផ្តន្ទាទោស

BY
Pheakdey
June 29, 2022

អាមេរិក៖ ចំនួនជនអន្តោប្រវេសន៍ដែលបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលព្យាយាមឆ្លងដែនទៅកាន់ទឹកសហរដ្ឋអាមេរិកបានកើនដល់ ៥១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនានេះ។ គួររម្លឹកជូនថា ហេតុការណ៍អកុសលនេះត្រូវបានរកឃើញនៅចំណុចព្រំដែនអាមេរិក-ម៉ិចស៊ីកូ ក្នុងទីក្រុង San Antonio រដ្ឋ Texas សហរដ្ឋអាមេរិក ក្រោយអាជ្ញាធរអាមេរិកបានចុះទៅត្រួតពិនិត្យរថយន្តទ្រុងដឹកទំនិញធំមួយ ដែលត្រូវបានគេចតចោលដោយមិនដឹងមូលហេតុ។ នៅក្នុងទ្រុងនៃរថយន្តដឹកទំនិញនោះមានផ្ទុកនៅដោយជនភៀសខ្លួនជាច្រើននាក់ ដែលព្យាយាមសម្ងំលាក់ខ្លួនប្រជ្រៀតគ្នា គ្មានទឹកសម្រាប់ទទួលទាន គ្មានខ្យល់គ្រប់គ្រាន់សម្រាប់ដកដង្ហើម ខណៈសីតុណ្ហភាពនៅខាងក្រៅបានកើនឡើងដល់ ៣៩,៤អង្សាសេ។

51 migrants die after trailer abandoned in San Antonio heat

ស្ថិតនៅក្នុងបរិយកាសអាក្រក់បែបនេះ ក្រុមជនភៀសខ្លួនដែលមានបំណងចង់ឆ្លងដែនចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់ទាំងអស់នោះបានថប់ដង្ហើម អស់កម្លាំង ខ្សោះជាតិទឹក និងបានដាច់សរសៃខួរក្បាលស្លាប់ជាបន្តបន្ទាប់ ដោយតួលេខអ្នកស្លាប់កាលពីថ្ងៃម្សិលមិញមានត្រឹម ៤៦នាក់ប៉ុណ្ណោះ​ តែនៅថ្ងៃនេះបន្តកើនឡើងដល់ ៥១នាក់ក្នុងចំណោមជនភៀសខ្លួនសរុប ៦២នាក់ ខណៈអ្នកដែលនៅរស់មានជីវិតនោះសុទ្ធតែមានអាការៈធ្ងន់ធ្ងរនិងកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ។ នៅចំពោះមុខហេតុការណ៍នេះប៉ូលិសអាមេរិកបានសម្រេចឃាត់ខ្លួនជងសង្ស័យ ៣នាក់ ក្នុងនោះមាន ២នាក់ជាពលរដ្ឋម៉ិចស៊ីកូ ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ និងម្នាក់ទៀតជាពលរដ្ឋអាមេរិក ដែលជាបើករថយន្តដឹកទំនិញនោះផ្ទាល់តែម្តង តែគិតត្រឹមពេលនេះអាជ្ញាធរអាមេរិកនៅមិនទាន់សម្រេចចោទប្រកាន់គាត់នៅឡើយទេដោយករណីរបស់គាត់ត្រូវបន្តបើកស៊ើបអង្កេតសិន។ សូមបញ្ជាក់ជូនថា ឧប្បត្តិហេតុមួយនេះគឺជាករណីរត់ពន្ធមនុស្សដែលបង្កឲ្យមានអ្នកស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: