អន្តរជាតិ

កូរ៉េខាងត្បូងសម្រេចដំឡើងប្រាក់ឈ្នួល ៥%ចំពោះក្រុមកម្មករដើម្បីឆ្លើយតបនឹងវិបត្តិអតិផរណា

BY
Pheakdey
June 30, 2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនានេះបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិត ៥%​ ចំពោះក្រុមកម្មករនៅទូទាំងប្រទេស នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមគណៈកម្មការប្រាក់ឈ្នួលអប្បបរមាកូរ៉េខាងត្បូងបានបញ្ជាក់ថា ការអនុវត្តចំពោះវិធានការដំឡើងប្រាក់ឈ្នួលនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីដើមឆ្នាំក្រោយតទៅ ហើយបន្ទាប់ពីដំឡើងប្រាក់ឈ្នួលចំនួន ៥% រួចគឺប្រាក់ឈ្នួលរបស់ក្រុមកម្មករសម្រាប់ការងារមួយម៉ោងនឹងត្រូវឡើងដល់ ៩,៦២០វ៉ុន ឬស្មើនិង ៧,៤០ដុល្លារអាមរិក។

បើតាមលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ​បានឲ្យដឹងថា ការសម្រេចដំឡើងប្រាក់ឈ្នួលចំពោះក្រុមកម្មករនេះគឺត្រូវបានធ្វើឡើងដើម្បីធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាឆ្លើយតបនឹងវិបត្តិអតិផរណានាពេលបច្ចុប្បន្ននេះ។ លោកប្រធានាធិបតីរូបនេះបានបន្តថា នឹងមានក្រុមកម្មករជាង ៣,៤លាននាក់ដែលត្រូវទទួលបានអត្តប្រយោជន៍ពីគោលការណ៍ដំឡើងប្រាក់ឈ្នួលនេះ ខណៈវិធានការដំឡើងប្រាក់ឈ្នួលអាចនឹងត្រូវបន្តធ្វើឡើងជាច្រើនដំណាក់កាលទៀតផងដែរ​ ដោយអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងនៃកំណើនសេដ្ឋកិច្ចជាតិ។ សូមបញ្ជាក់ជូនថា នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចដំឡើងប្រាក់ឈ្នួលចំពោះក្រុមកម្មករ បើគិតចាប់តាំងពីពេលឡើងកាន់ដំណែងជាប្រធានាធិបតីរបស់លោក Yoon Suk-yeol កាលពីខែឧសភាមក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: