អន្តរជាតិ

អាមេរិកបន្ថែមជំនួយ ៨០០លានដុល្លារឲ្យទៅអ៊ុយក្រែន ខណៈណាតូត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធរយៈពេលវែង

BY
Pheakdey
July 1, 2022

អេស្ប៉ាញ៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយ​កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនាម្សិលមិញនេះថា អាមេរិកនឹងផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃជាទឹកប្រាក់ចំនួន ៨០០លានដុល្លារអាមេរិកបន្ថែមទៀតឲ្យទៅអ៊ុយក្រែន ខណៈជំនួយនេះក៏ជាការលើកចិត្តចំពោះភាពក្លាហានរបស់កងកម្លាំងអ៊ុយក្រែនផងដែរ ដែលបានធ្វើការប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយកងទ័ពរុស្ស៊ីអស់រយៈពេលជាច្រើនខែមកនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការសន្យាផ្តល់ជំនួយរបស់លោក ចូ បៃឌិន ខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកបានអញ្ជើញចូលក្នុងកិច្ចប្រជុំមួយជាអង្គការណាតូនៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលនៅក្នុងកិច្ចប្រជុំនោះណាតូបានសម្រេចយល់ព្រមឲ្យប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ខ្លួនហើយ។

នៅក្នុងឱកាសនោះលោក ចូ បៃឌិន ក៏បានបញ្ជាក់ផងដែរថា អាមេរិកនិងណាតូបានរួមគ្នាជាធ្លុងតែមួយដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ លោកប្រធានាធិបតីអាមេរិកបានបន្ថែមទៀតថា ពួកយើង (អាមេរិកនិងណាតូ) បានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់ មិនថាសង្គ្រាមនោះត្រូវអូសបន្លាយក្នុងរយៈពេលយូរយ៉ាងណានោះទេ។ សូមបញ្ជាក់ជូនថា គិតចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក អាមេរិកបានផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនអស់ចំនួន ៦,១ពាន់លានដុល្លារហើយ ខណៈអាមេរិកគ្រោងនឹងផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណជា ៣៤ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: