អន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខជាតិថៃបញ្ជាក់ថា ថៃនៅតែត្រូវការច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទោះបីរលករាតត្បាតកូវីដ-១៩បានធូរស្រាលច្រើនហើយក៏ដោយ

BY
Pheakdey
July 1, 2022

ថៃ៖ ក្រុមប្រឹក្សាសន្តិសុខជាតិថៃបានបញ្ជាក់នៅព្រឹកថ្ងៃសុក្រ​ ទី១ ខែកក្កដានេះថា រដ្ឋាភិបាលថៃនៅតែត្រូវការច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នដើម្បីទប់ទល់ជាមួយនឹងកូវីដ-១៩ បើទោះជារលកនៃការរាតត្បាតជំងឺកូវីដ-១៩នៅពេលនេះបានធូរស្រាលច្រើនហើយក៏ដោយ។ បើតាមនាយឧត្តមសេនីយ៍ Supot Malaniyom អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះក្រសួងសុខាភិបាលសាធារណៈថៃនៅតែជួបប្រទះបញ្ហាលំបាកមួយចំនួនក្នុងការដោះស្រាយវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈច្បាប់ធម្មតាមិនអាចជួយអាជ្ញាធរឲ្យដោះស្រាយបញ្ហាទាំងអស់នោះបានដោយរលូនទេ។

អគ្គលេខាធិការរូបនេះបានបន្តទៀតថា ដើម្បីឆ្លើយតបនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពខ្ពស់នោះគឺគេត្រូវការច្បាប់ដែលមានលក្ខណៈតឹងរឹងនិងដាច់ខាតបំផុត ជាពិសេសនោះគឺនៅពេលដែលរលកនៃការរាតត្បាតឡើងដល់ចំណុចកំពូល។ នាយឧត្តមសេនីយ៍ Supot Malaniyom ក៏បានលើកឡើងដែរថា តាមការព្យាករណ៍របស់ក្រុមអ្នកជំនាញនាពេលកន្លងមកបានបង្ហាញថា កូវីដ-១៩នៅក្នុងប្រទេសថៃអាចនឹងផ្ទុះខ្លាំងឡើងវិញជាថ្មីម្តងទៀតផងដែរ ដូចនេះអាជ្ញាធរត្រូវតែប្រុងប្រយ័ត្នឲ្យបានគ្រប់ពេលវេលា ហើយការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅតែចាំបាច់។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃបានធ្លាក់មកសល់ត្រឹមខ្ទង់ជាង ២ពាន់នាក់ក្នុងមួយថ្ងៃ ខណៈចំនួនអ្នកឆ្លងសរុបមានចំនួនជាង ៤,៥លាននាក់ និងស្លាប់សរុបជាង ៣ម៉ឺនាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: