អន្តរជាតិ

ពលរដ្ឋនៅក្រុងចាកាតានាំគ្នាជីកអណ្តូងប្រើប្រាស់បន្ថែមពីលើប្រព័ន្ធទឹករបស់រដ្ឋ ខណៈអ្នកជំនាញមើលឃើញថាសកម្មភាពនេះនឹងធ្វើឲ្យទីក្រុងត្រូវលិចទឹកកាន់តែឆាប់រហ័ស

BY
Pheakdey
July 2, 2022

ឥណ្ឌូនេស៊ី៖ របាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយកាសែត Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២ ខែកក្កដានេះបានបង្ហាញ ពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងរស់នៅក្នុងទីក្រុងចាកាតាកាន់តែច្រើនឡើងបាននាំគ្នាជីកអណ្តូងសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ បន្ថែមពីលើប្រព័ន្ធទឹកដែលត្រូវបានផ្គត់ផ្គង់ដោយអាជ្ញាធរ។ និន្នាការថ្មីសម្រាប់ពលរដ្ឋរស់នៅក្នុងទីក្រុងដ៏ទំនើបនេះបានផ្តើមកើតមាននៅអំឡុងឆ្នាំ ២០១៩ ក្រោយពេលប្រព័ន្ធទឹករបស់រដ្ឋមិនអាចផ្តល់ទឹកគ្រប់គ្រាន់និងមានគុណភាពសម្រាប់ពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃ។

បញ្ហាដែលពលរដ្ឋនៅក្រុងចាកាតាតែងជួបប្រទះជាញឹកញាប់នោះគឺត្រូវដាច់ទឹកក្នុងរយៈពេលយូរ ហើយពេលខ្លះទឹកដែលបានបើកចេញពីក្បាលរ៉ូប៊ីនេនៅតាមផ្ទះនោះគឺមានពណ៌ល្អក់ខុសធម្មតា និងមានផ្ទុកនូវសារធាតុក្លរីនយ៉ាងច្រើនយ៉ាងច្រើនទៀតផង។ ខណៈដែលការជីកអណ្តូងបានក្លាយជាជម្រើសថ្មីរបស់ប្រជាពលរដ្ឋនោះ ក្រុមអ្នកជំនាញបានមើលឃើញថា សកម្មភាពនេះនឹងធ្វើឲ្យក្រុងចាកាតាត្រូវលិចទឹកកាន់តែឆាប់រហ័ស និងបង្កឲ្យមានហានិភ័យរយៈពេលវែងសម្រាប់ពលរដ្ឋទូទាំងទីក្រុងផងដែរ។ បើតាមក្រុមអ្នកជំនាញឥណ្ឌូនេស៊ីបានលើកឡើងថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋក្នុងក្រុងចាកាតាប្រមាណជា ៩០%រួចទៅហើយ ដែលត្រូវរស់នៅក្រោមកម្រិតនីវ៉ូទឹកសមុទ្រ ពោលគឺរស់នៅក្នុងតំបន់ដែលងាយប្រឈមការកើតមានបញ្ហាទឹកជំនន់។ ហេតុដូចនេះហើយទើបសកម្មភាពជីកអណ្តូងរបស់ប្រជាពលរដ្ឋក្លាយជាសម្ពាធបន្ថែមមួយទៀត ដែលជំរុញឲ្យក្រុងចាកាតាក្លាយជាទីក្រុងទំនើបនិងត្រូវលិចទឹកឆាប់បំផុតជាងគេនៅក្នុងពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: