អន្តរជាតិ

អូស្រ្តាលីប្រកាសឈប់ទិញប្រេងរុស្ស៊ី និងផ្តល់ជំនួយ ១០០លានដុល្លារឲ្យទៅអ៊ុយក្រែន

BY
Pheakdey
July 4, 2022

អ៊ុយក្រែន៖ នាយករដ្ឋម​ន្ត្រីនៃប្រទេសអូស្រ្តាលីលោក Anthony Albanese កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដាម្សិលមិញនេះបានប្រកាសថា នឹងឈប់នាំចូលប្រេងពីប្រទេសរុស្ស៊ីហើយ ដែលការសម្រេចនេះគឺជាផ្នែកមួយសម្រាប់ប្រឆាំងទៅនឹងសកម្មភាពឈា្លនពានរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយ ដែលលោក Anthony Albanese បានធ្វើឡើងចេញពីទីក្រុងកៀវក្នុងឱកាសដែលបានលោកអញ្ជើញទៅធ្វើទស្សនៈកិច្ចក្នុងប្រទេសអ៊ុយក្រែន ខណៈសេចក្តីថ្លែងការនោះត្រូវបានធ្វើងនៅចំពោះមុខលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផ្ទាល់តែម្តង។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានដាក់ទណ្ឌកម្មរុស្ស៊ីតាមរយៈសកម្មភាពឈប់ទិញប្រេង លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីក៏បានប្រកាសធ្វើការហាមឃាត់មហាសេដ្ឋីរុស្ស៊ីចំនួន ១៦នាក់បន្ថែមទៀតមិនឲ្យធ្វើដំណើរចូលមកកាន់ប្រទេសខ្លួនផងដែរ ដែលធ្វើឲ្យចំនួនមហាសេដ្ឋីរុស្ស៊ីសរុបត្រូវរងទណ្ឌកម្មពីរដ្ឋាភិបាលអូស្រ្តាលីកើនដល់ចំនួន ៨៤៣នាក់នាក់ហើយបើគិតត្រឹមពេលនេះ។ នៅក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese ក៏បានប្រកាសផ្តល់ជំនួយយោធាសំខាន់មួយចំនួនឲ្យទៅប្រទេសអ៊ុយក្រែនផងដែរ ដោយនៅក្នុងកញ្ចប់ជំនួយនោះមានដូចជា រថពាសដែកប្រភេទ Personnel Carriers ចំនួន ១៤គ្រឿង រថពាសដែកប្រភេទ Bushmaster ចំនួន ២០គ្រឿង និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងទៀតផងដែរ។ សូមបញ្ជាក់ជូនថា តាមការសន្យារបស់លោក Anthony Albanese គឺអូស្រ្តាលីនឹងផ្តល់ជំនួយបន្ថែមជាច្រើនទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដោយកញ្ចប់ជំនួយសរុបនឹងមានទំហំទឹកប្រាក់រហូតដល់ ១០០លានដុល្លារ៕

អត្ថបទ៖ ភក្តីប្រភព៖ Channel News Asia

 

Share This Post: