អន្តរជាតិ

ស្រីលង្កាសម្រេចផ្អាកការដឹកជញ្ជូនសាធារណៈ ខណៈរដ្ឋាភិបាលនៅសល់ប្រេងក្នុងស្តុកមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងមួយថ្ងៃផង

BY
Pheakdey
July 4, 2022

ស្រីលង្កា៖ ប្រទេសស្រីលង្កាបានជូនដំណឹងកាលពីល្ងាចថ្ងៃអាទិត្យ ទី៣ ខែកក្កដាម្សិលមិញនេះថា រដ្ឋាភិបាលបានសម្រេចផ្អាកការដឹកជញ្ជូនសាធារណៈហើយ ក្រោយប្រេងដែលអាជ្ញាធរបានរក្សាទុកកាន់តែជិតអស់ពីក្នុងស្តុក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក Kanchana Wijesekera ដែលជារដ្ឋមន្ត្រីក្រសួងថាមពលនៃប្រទេសស្រីលង្កាបាន​បញ្ជាក់ថា គិតត្រឹមពេលនេះរដ្ឋាភិបាលនៅសល់ប្រេងបម្រុងទុកប្រមាណជា ៤,០០០តោនប៉ុណ្ណោះ ពោលគឺបរិមាណនេះមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បានមួយថ្ងៃផង បើធៀបទៅនឹងថ្ងៃទូទៅដែលមានតម្រូវការនៃការប្រើប្រាស់ប្រេងសាំងជាធម្មតានៅទូទាំងប្រទេស។

ប្រភពខាងលើបានប​ន្តថា ជាច្រើនថ្ងៃមកហើយដែលនៅតាមស្ថានីយ៍លក់ប្រេងឥន្ទនៈជាច្រើននៅក្នុងប្រទេសស្រីលង្កាត្រូវបិទទ្វារ ព្រោះតែគ្មានប្រេងសាំងសម្រាប់លក់ជូនអតិថិជន ខណៈមានស្ថានីយ៍លក់ប្រេងឥន្ទនៈមួយចំនួនតូចប៉ុណ្ណោះនៅក្នុងទីក្រុងដែលអាចនៅបន្តដំណើរការបាន​ តែការលក់ប្រេងសាំងនោះត្រូវធ្វើឡើងដោយមានចំនួនកំណត់និងមានហេតុផលចាំបាច់ខ្លាំងសម្រាប់ប្រើប្រាស់​ ខណៈអតិថិជនវិញត្រូវតម្រង់ជួររាប់គីឡូម៉ែត្រទើបអាចចូលទៅចាក់សាំងបាន។ សូមបញ្ជាក់ជូនថា ស្រីលង្កាបានកំពុងតែធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយរដ្ឋាភិបាលនៃប្រទេសមួយនេះបានប្រកាសក្ស័យធន ព្រោះតែមិនអាចសងបំណុលគេរួច ហើយវិបត្តិដ៏ធំមួយនេះបានធ្វើឲ្យស្រីលង្កាត្រូវជួបប្រទះបញ្ហាប្រឈមធំៗជាច្រើនរួមទាំងបញ្ហាខ្វះខាតប្រេងសាំងសម្រាប់ប្រើប្រាស់នេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: