ម៉ាកាវសម្រេចបិទខ្ទប់អាគារដែលជានិមិត្តរូបដ៏សំខាន់បំផុតរបស់ទីក្រុងខ្លួន ក្រោយកូវីដ-១៩បន្តរាតត្បាតកាន់តែច្រើន
- BY
- Pheakdey
- July 6, 2022
ម៉ាកាវ៖ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចបិទខ្ទប់អាគារដែលជានិមិត្តរូបសំខាន់បំផុតនៃទីក្រុងខ្លួនហើយ ក្រោយបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ជាច្រើនករណីនៅទីនោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដានេះ។ អាគារដែលជានិមិត្តរូបដំណាងឲ្យទីក្រុងម៉ាកាវនោះគឺសណ្ឋាគារ Grand Lisboa ដែលជាមជ្ឈមណ្ឌលផ្តល់សេវាលេងល្បែងស៊ីសងធំបំផុតនៅលើពិភពលោក និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនិងសំខាន់បំផុតសម្រាប់ទីក្រុងម៉ាកាវផងដែរ។

ការសម្រេចបិទខ្ទប់ទីតាំងដែលជាចរន្តសេដ្ឋកិច្ចដ៏ចម្បងនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរម៉ាកាវបានរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ជាង ១០ករណីនៅទីនោះកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដាម្សិលមិញនេះ។ គួររម្លឹកជូនថា គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមកម៉ាកាវបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាង ៩០០ករណីហើយ ដែលវាជាតួលេខអ្នកឆ្លងដ៏ច្រើនបំផុតមិនធ្លាប់បានផងដែររាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ជាលើកដំបូងមក។ នៅចំពោះមុខស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ដ៏ច្រើននេះ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចបិទខ្ទប់ទីតាំងសំខាន់ៗមួយចំនួន និងដាក់ឲ្យពលរដ្ឋជាង ១៣,០០០នាក់ត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែម៉ាកាវនៅមិនទាន់រកឃើញករណីស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






