អន្តរជាតិ

ឡាវមានបំណងរក្សាជំហរមិនចូលបក្សសម្ព័ន្ធណាមួយជុំវិញករណីរុស្ស៊ីអ៊ុយក្រែន ដើម្បីទិញប្រេងឥន្ទនៈពីរុស្ស៊ី ដែលលក់ថោក

BY
Pheakdey
July 8, 2022

ឡាវ៖ របាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Nikkei Asia​ នៅថ្ងៃទី៧ ខែកក្កនេះបានឲ្យដឹងថា ប្រទេសឡាវមានបំណងរក្សាជំហរមិនចូលបក្សសម្ព័ន្ធណាមួយឡើយជុំវិញករណីរុស្ស៊ីឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន ហើយការរក្សាភាពអព្យាក្រឹត្យនេះគឺត្រូវបានធ្វើឡើង ព្រោះប្រទេសឡាវចង់ទទួលបានអត្ថប្រយោជន៍ប្រេងឥន្ទនៈពីរុស្ស៊ី ដែលមានតម្លៃថោក។

គួរកត់សម្គាល់ថា ចាប់តាំងពីពាក់កណ្តាលខែមិថុនាមកប្រទេសឡាវហាក់ជួបប្រទះនូវបញ្ហាប្រេងឥន្ទនៈជាបន្តបន្ទាប់ ដូចជាខ្វះខាតប្រេងឥន្ទនៈសម្រាប់ជើងហោះហើរ ហើយសម្រាប់ស្ថានីយ៍លក់ប្រេងឥន្ទនៈក្នុងទីក្រុងវៀងច័ន្ទវិញគឺមួយចំនួនត្រូវបិទទ្វារ ៥ម៉ោងមុនពេលកំណត់ជាធម្មតាព្រោះអស់ប្រេងសាំងសម្រាប់លក់ ខណៈនៅតាមស្ថានីយ៍មួយចំនួនគេបានប្រទះឃើញមានរថយន្តនិងម៉ូតូរាប់រយគ្រឿងតម្រង់ជួរគ្នាចាំចូលចាក់សាំង។

ប្រភពខាងលើបានបន្តថា  គិតត្រឹមថ្ងៃទី២៤ ខែមិថុនានេះតម្លៃហ្គាសនៅក្នុងប្រទេសឡាវបានកើនឡើងដល់ ២១,៤១០គីប (១,៤ ដុល្លារអាមេរិក) សម្រាប់ហ្គាសមួយលីត្រ ហើយបើប្រៀបធៀបជាមួយនឹងតម្លៃធម្មតានាពេលកន្លងមកគឺវាបានកើនឡើងក្នុងកម្រិត ៤០%។ នាពេលបច្ចុប្បន្ននេះឡាវបាននាំចូលប្រេងឥន្ទនៈពីបណ្តាប្រទេសមួយចំនួនដូចជាចិន ថៃ វៀតណាម និងប្រទេសក្បែរខាងមួយចំនួនទៀតក្នុងតម្លៃទីផ្សារធម្មតា។

យ៉ាង​ណាក្តី នៅក្នុងយរបាយការណ៍មួយរបស់អាជ្ញាធរឡាវបានឲ្យដឹងថា ឡាវកំពុងពិភាក្សាជាមួយរុស្ស៊ីហើយជុំវិញការផ្គត់ផ្គង់ប្រេងឥន្ទនៈក្នុងលក្ខខណ្ឌពិសេសមួយ ពោលគឺរុស្ស៊ីគ្រោងនឹងលក់ប្រេងឥន្ទនៈឲ្យទៅឡាវក្នុងតម្លៃទាបជាងតម្លៃទីផ្សារអន្តរជាតិរហូតដល់ ៧០%ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nikkei Asia​

Share This Post: