អ្នកមានគម្រោងទៅលេងសមុទ្រ គួរតែផ្អាកសិន ដោយសារចាប់ពីថ្ងៃទី១១-១៤ នៅតំបន់សមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗទៀត
យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពិបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឲ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្នុងនោះនៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
អាស្រយ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតមានជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយកចិត្តទុកដាក់លើបាតុភូតធម្មជាតិហើយនិងជម្រាបជូនជាព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕
