អន្តរជាតិ

អ្នកជំនាញព្យាករណ៍ថា កូវីដ-១៩នៅថៃនឹងផ្ទុះខ្លាំងឡើងវិញនៅអំឡុងខែសីហាហើយតួលេខអ្នកឆ្លងអាចកើនដល់ខ្ទង់ ២-៣ម៉ឺននាក់ក្នុងមួយថ្ងៃ

BY
Pheakdey
July 11, 2022

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្លួនថា ជំងឺកូវីដ-១៩នឹងផ្ទុះការរាតត្បាតខ្លាំងឡើងវិញនៅទូទាំងប្រទេសថៃនៅក្នុងអំឡុងខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដាកន្លងទៅ។ យ៉ាងណាក្តី បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ថៃបានបញ្ជាក់ថា រលករាតត្បាតនេះអាចនឹងធ្លាក់ចុះមកវិញនៅអំឡុងខែវិច្ឆិកា ប្រសិនបើពលរដ្ឋបានចូលរួមសហការណ៍ជាមួយអាជ្ញាធរដោយការទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់ការចម្លង តាមរយៈនាំគ្នាពាក់ម៉ាស់ កាត់បន្ថយការជួបជុំ រក្សាគម្លាត និងរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន។

បើតាមលោកវេជ្ជបណ្ឌិត Nitiphat Chierakul ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅមន្ទីរពេទ្យ Siriraj បានព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០-៣០,០០០នាក់ក្នុងមួយថ្ងៃឡើងវិញ ខណៈនាពេលបច្ចុប្បន្ននេះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ជាមធ្យមគឺមានចំនួនប្រមាណជា ២,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ នៅចំពោះមុខរលកនៃការរាតត្បាតកូវីដ-១៩ទ្រង់ទ្រាយធំឡើងវិញនេះ លោកវេជ្ជបណ្ឌិត Nitiphat Chierakul បានអំពាវឲ្យពលរដ្ឋថៃគ្រប់រូបដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់គ្រាន់ត្រូវប្រញាប់ទៅទទួលយកវ៉ាក់សាំងឲ្យបានលឿនបំផុត ពោលគឺមុនខែសីហាចូលមកដល់ និងត្រៀមការពារខ្លួនពីមេរោគក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

 

 

 

Share This Post: