អន្តរជាតិ

មន្ត្រីជាន់ខ្ពស់ថៃម្នាក់អះអាងថា តួលេខអ្នកឆ្លងកូវីដជាក់ស្តែងនៅថៃអាចមានដល់ខ្ទង់ ៣ម៉ឺនាក់ ខណៈនៅក្នុងរបាយការណ៍មានត្រឹមខ្ទង់ ២ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ

BY
Pheakdey
July 11, 2022

ថៃ៖ មន្ត្រីជាន់ខ្ពស់ថៃម្នាក់បានអះអាងថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ពិតប្រាកដនៅក្នុងប្រទេសថៃក្នុងពេលបច្ចុប្បន្នគឺមានចំនួនប្រមាណជា ៣០,០០០នាក់នៅក្នុងមួយថ្ងៃ ខណៈតួលេខផ្លូវការដែលត្រូវបានចុះផ្សាយជាសាធារណៈបានបង្ហាញថា តួលេខអ្នកឆ្លងថ្មីជាមធ្យមមានចំនួនត្រឹម ២,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ មន្ត្រីជាន់ខ្ពស់ថៃដែលបានធ្វើសេចក្តីអះអាងនេះគឺលោក Satit Pitutecha ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលសាធារណៈ ហើយការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងការឆ្លើយតបនឹងសំនួររបស់អ្នកតំណាងរាស្រ្តម្នាក់នៅឯវិមានរដ្ឋសភាថៃក្នុងកិច្ចប្រជុំមួយកាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី Satit Pitutecha បានបន្ថែមទៀតថា ហេតុផលដែលធ្វើឲ្យតួលេខអ្នកឆ្លងជាក់ស្តែងមានចំនួនច្រើនជាងតួលេខនៅក្នុងរបាយការណ៍គឺដោយសារតែនៅក្នុងរបាយការណ៍គេបានរាប់បញ្ចូលតែអ្នកដែលបានមកធ្វើតេស្តដោយម៉ាស៊ីនធំ PCR ប៉ុណ្ណោះ តែមិនបានរាប់បញ្ចូលចំនួនអ្នកធ្វើតេស្តដោយឧបករណ៍ធ្វើតេស្តរហ័សជាលក្ខណៈឯកជនឡើយ។ លោកឧបនាយករដ្ឋរូបនេះបានបន្តទៀតថា ក្នុងចំណោមអ្នកជំងឺប្រមាណជា ៣០,០០០នាក់នោះមានអ្នកជំងឺប្រមា​ណជា ១០,០០០នាក់បានជ្រើសរើសយកការព្យាបាលនៅតាមផ្ទះដោយខ្លួនឯង ដ្បិតពួកគាត់មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ឡើយ។ លោក Satit Pitutecha ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមអ្នកឆ្លងថ្មីនៅក្នុងប្រទេសថៃទាំងអស់នោះគឺមានករណីឆ្លងមេរោគអូមីក្រុងប្រភេទ BA.4 និង 5 ប្រមាណជា ៣០%៕

True number of Covid cases now 30,000 per day: deputy health minister

អត្ថបទ៖ ភក្តី

ប្រភព៖ National Thailand

 

Share This Post: