អង់គ្លេសនឹងបង្ហាញមុខនាយករដ្ឋមន្ត្រីថ្មីជំនួយលោក Boris Johnson នៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ
- BY
- Pheakdey
- July 12, 2022
អង់គ្លេស៖ គណបក្សអភិរក្សនិយមនៅអង់គ្លេសបានបញ្ជាក់ឲ្យដឹងថា បេក្ខភាពនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសថ្មី ដែលត្រូវចូលមកកាន់តំណែងជំនួយលោក Boris Johnson នឹងត្រូវប្រកាសឲ្យដឹងជាសាធារណៈនៅថ្ងៃទី ៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដានេះ។ គួរបញ្ជាក់ជូនថា លោក Boris Johnson នឹងត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី ក្រោយប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋអង់គ្លេស ក្នុងចំណោមសមាជិករដ្ឋាភិបាល ខណៈគណបក្សអភិរក្សនិយមដែលជាគណបក្សកំពុងកាន់អំណាចនោះក៏ផ្តើមលែងមានទំនុកចិត្តចំពោះរូបគាត់ផងដែរ។

គួររម្លឹកថា ការធ្លាក់ចុះប្រជាប្រិយភាពនិងទំនុកចិត្តចំពោះលោក Boris Johnson បានកើតឡើងព្រោះតែគាត់បានបង្កើតឲ្យមានរឿងអាស្រូវជាបន្តបន្ទាប់ ដូចជារៀបចំពិធីខួបកំណើតក្នុងសម័យកូវីដ-១៩កំពុងផ្ទុះខ្លាំងនិងធ្វើការជួបជុំគ្នាទទួលទានគ្រឿងស្រវឹងក្នុងវិមានរដ្ឋាភិបាលយ៉ាងសប្បាយរីករាយ ខណៈដែលប្រទេសអង់គ្លេសទាំងមូលកំពុងបិទខ្ទប់ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអង់គ្លេសជាច្រើនរូបហើយដែលបានចុះចេញពីតំណែងព្រោះហេតុផលដូចគ្នា ហើយលោក Boris Johnson បានទទួលពាក្យស្នើសុំឲ្យរូបគាត់ចុះចេញពីតំណែងពីសមាជិករដ្ឋាភិបាលអង់គ្លេសរហូតដល់ ៥០សំណើឯណោះ ដែលវាជាសំឡេងប្រឆាំងនិងមិនចេញចិត្តយ៉ាងច្រើនផងដែរសម្រាប់លោកនាយករដ្ឋមន្ត្រីវ័យ ៥៨ឆ្នាំរូបនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






