អ្នកជំនាញថៃអះអាងថា អូមីក្រុង BA.4 និង BA.5 មានគ្រោះថ្នាក់ជាងវ៉ារ្យ៉ង់បំប្លែងខ្លួនផ្សេងទៀត
- BY
- Pheakdey
- July 12, 2022
ថៃ៖ នាយកដ្ឋានវេជ្ជសាស្រ្តវិទ្យាសាស្រ្តថៃបានអះអាងថា មេរោគបំប្លែងខ្លួននៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង BA.4 និង BA.5 គឺអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់ផ្សេងៗទៀតដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុងដូចគ្នា ខណៈប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សហាក់មិនសូវមានប្រសិទ្ធខ្ពស់នោះទេពេលជួបជាមួយមេរោគអូមីក្រុង BA.4 និង BA.5។

បើតាមលោក Supakit Sirilak ជាអគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្រ្តវិទ្យាសាស្រ្តថៃបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញារលាកសួតធ្ងន់ធ្ងរនិងស្លាប់ទាំងអស់នៅក្នុងទីក្រុងបាកកក គឺមាន ៧៧% ជាអ្នកដែលបានឆ្លងមេរោគអូមីក្រុង BA.4 និង BA.5 ខណៈ ២៣%ផ្សេងទៀតគឺជាអ្នកដែលបានឆ្លងមេរោគអូមីក្រុង BA.2។
លោកអគ្គនាយករូបនេះបានបន្តថាទៀតថា វត្តមានរបស់មេរោគកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុង BA.4 និង BA.5 គឺជាក្តីបារម្ភថ្មីមួយសម្រាប់ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ដ្បិតក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះតួលេខអ្នកឆ្លងមេរោគអូមីក្រុង BA.4 និង BA.5 បានកើនឡើងយ៉ាងគំហុក ពោលគឺកើនពី ១២% មកដល់ ៧២% ឯណោះក្នុងចំណោមករណីឆ្លងទាំងអស់ក្នុងទីក្រុងបាងកក។ ដោយឡែកនៅតាមបណ្តាខេត្តនៅទូទាំងប្រទេសថៃវិញក៏មានការកើនឡើងនូវតួលេខអ្នកឆ្លងមេរោគអូមីក្រុង BA.4 និង BA.5 ផងដែរ ដោយកើនឡើងក្នុងកម្រិតពី ៦% ទៅ៣៤% ជារៀងរាល់សប្តាហ៍នៅក្នុងចំណោមករណីឆ្លងសរុប។
គួររម្លឹកជូនផងដែរថា កាលពីពេលថ្មីៗនេះអ្នកជំនាញថៃបានធ្វើការព្រមានថា នៅក្នុងខែសីហាខាងមុខនេះជំងឺកូវីដ-១៩នឹងផ្ទុះការរាតត្បាតខ្លាំងឡើងវិញម្តងទៀតនៅទូទាំងប្រទេសថៃ ហើយតួលេខអ្នកឆ្លងអាចនឹងកើនដល់ខ្ទង់ ២-៣ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈក្នុងរយៈពេលជាច្រើនខែមកនេះថៃមានតួលេខអ្នកឆ្លងប្រចាំថ្ងៃជាមធ្យមត្រឹម ២ពាន់នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






