រុស្ស៊ីនិងអ៊ុយក្រែនសម្រេចជួបគ្នាដើម្បីពិភាក្សាពីបញ្ហារាំងស្ទះការនាំចេញគ្រាប់ធញ្ញជាតិ ដែលធ្វើឲ្យតម្លៃស្បៀងអាហារពិភពលោកឡើងថ្លៃ
- BY
- Pheakdey
- July 13, 2022
មន្ត្រីតំណាងឲ្យប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីជាច្រើនរូបនឹងជួបគ្នានៅថ្ងៃទី ១៣ ខែកក្កដានេះ ដើម្បីពិភាក្សាអំពីបញ្ហារាំងស្ទះក្នុងការនាំចេញនូវគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលបញ្ហានេះកំពុងធ្វើឲ្យតម្លៃស្បៀងអាហារនៅលើពិភពលោកមានការកើនឡើងយ៉ាងខ្លាំងផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ជំនួបរវាងក្រុមមន្ត្រីនៃប្រទេសដែលកំពុងមានសង្គ្រាមជាមួយគ្នានេះនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុង Istanbul នៃប្រទេសតួគី ខណៈប្រទេសតួគីផ្ទាល់តែម្តងដែលជាអ្នកសម្របសម្រួលនិងផ្តួចផ្តើមឲ្យមានការរៀបចំកិច្ចប្រជុំនេះ។

គួរបញ្ជាក់ជូនថា នាពេលកន្លងមកអ៊ុយក្រែនគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតមួយសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារពិភពលោក តែយ៉ាងណាក្តីក្រោយមានការឈ្លានពានពីសំណាកកងទ័ពរុស្ស៊ីគឺចរន្តនៃការនាំគ្រាប់ធញ្ញជាតិចេញរបស់អ៊ុយក្រែនត្រូជាប់គាំងទាំងស្រុងនៅតំបន់កំពង់ផែសមុទ្រខ្មៅ។ តាមរបាយការណ៍របស់ទីក្រុងកៀវបានបង្ហាញថា គិតត្រឹមពេលនេះគឺគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលកំពុងជាប់គាំងមិនអាចនាំចេញបាននោះមានបរិមាណប្រហែលជា ២៥លានតោន។ ទន្ទឹមនឹងការមិនអាចនាំចេញនូវគ្រាប់ធញ្ញជាតិដែលមានស្រាប់នោះ ភ្លើងសង្គ្រាមក៏បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះវិស័យកសិកម្មនៅក្នុងប្រទេសអ៊ុយក្រែនទាំងមូលផងដែរ ដូចនេះវាមានន័យថាអ៊ុយក្រែននឹងត្រូវខកខាននាំចេញគ្រាប់ធញ្ញជាតិក្នុងរយៈពេលយូរបន្ថែមទៀត ប្រសិនបើសង្គ្រាមនៅតែមិនទាន់បិទបញ្ចប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






