របាយការណ៍មួយបានបង្ហាញថា អ្នកជំងឺកូវីដ-១៩រយៈពេលវែងរាប់ពាន់នាក់នៅអង់គ្លេសបានចេញទៅរកសេវាលាងលាមនៅបរទេសដោយខ្លួនឯង ខណៈម្នាក់ៗត្រូវចំណាយប្រាក់ជាង ៥ម៉ឺនដុល្លារ
- BY
- Pheakdey
- July 13, 2022
អង់គ្លេស៖ របាយការណ៍មួយបានបង្ហាញថា មានពលរដ្ឋអង់គ្លេសដែលជាអ្នកជំងឺកូវីដ-១៩រយៈពេលវែងរាប់ពាន់នាក់បានសម្រេចធ្វើដំណើរទៅបរទេសដើម្បីស្វែងរកសេវាព្យាបាលជំងឺដោយខ្លួនឯង បន្ថែមពីលើសេវាព្យាបាលដែលអាជ្ញាធរអង់គ្លេសបានផ្តល់ជូនពួកគាត់ដោយមិនគិតថ្លៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា របាយការណ៍នេះគឺជាលទ្ធផលនៃការស៊ើបអង្កេតមួយដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តអង់គ្លេសនិងត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ BMJ នៅថ្ងៃពុធ ទី១៣ ខែកក្កដានេះ។

នៅក្នុងរបាយការណ៍បានបង្ហាញថា មានអ្នកជំងឺកូវីដ-១៩រយៈពេលវែងរាប់ពាន់នាក់បានសម្រេចធ្វើដំណើរចេញពីប្រទេសអង់គ្លេសទៅកាន់ប្រទេសស៊ីប អាឡឺម៉ង់ និងស្វីស ដើម្បីស្វែងរកសេវាព្យាបាលផ្សេងៗជាច្រើនមានដូចជា ការចាក់បញ្ចូលវីតាមីនតាមសរសៃឈាមនិងការលាងឈាមជាដើម។ គួរបញ្ជាក់ថា លាងឈាមគឺជាសេវាប្តូរឈាមចាស់ផ្លាស់ដាក់ឈាមថ្មីនៅក្នុងខ្លួនអ្នកជំងឺដើម្បីការពារកុំឲ្យមានបញ្ហាកកឈាម។ ក្នុងរបាយការណ៍បានបន្តទៀតថា ជាមធ្យមអ្នកជំងឺម្នាក់ត្រូវចំណាយប្រាក់រហូតដល់ ៥០,០០០ អឺរ៉ូ (៥០,១៦៣ ដុល្លារអាមេរិក) ចំពោះការព្យាបាលខាងលើនេះ ខណៈក្រោយទទួលបានការព្យាបាលរួចក្រុមអ្នកជំងឺហាក់មិនទទួលលទ្ធផលអ្វីល្អប្រសើរជាងមុនឡើយ។ សូមបញ្ជាក់ថា ការចេញទៅរកសេវាព្យាបាលបន្ថែមនេះគឺជាការសម្រេចចិត្តរបស់ក្រុមអ្នកជំងឺខ្លួនឯងផ្ទាល់តែម្តង ពោលមិនមែនជាការណែនាំរបស់វេជ្ជបណ្ឌិតជំនាញឡើយ ខណៈគិតត្រឹមពេលនេះអង់គ្លេសមានអ្នកជំងឺកូវីដ-១៩រយៈពេលវែងប្រមាណជា ២លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






