អន្តរជាតិ

ក្រុងជាច្រើននៅប្រទេសចិនបានរងនូវរលកម្តៅខ្ពស់បំផុតមិនធ្លាប់មាន ខណៈអាជ្ញាធរបានទាញសញ្ញាអាសន្នកម្រិត ៣

BY
Pheakdey
July 13, 2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដាបានឲ្យដឹងថា មានទីក្រុងជាច្រើននៅក្នុងប្រទេសចិនបានរងនូវរលកម្តៅខ្ពស់បំផុតមិនធ្លាប់មានបើគិតត្រឹមថ្ងៃទី ១២ ខែកក្កដាម្សិលមិញនេះ។ បើតាមរដ្ឋបាលឧតុនិយមចិនបានបញ្ជាក់ទៀតថា បន្ទាប់ពីសីតុណ្ហភាពបានកើនឡើងខ្ពស់ដល់កម្រិតបំបែកកំណត់ត្រាហើយ ទីក្រុងទាំងអស់នោះនឹងត្រូវរងនូវភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នាផងដែរ។

ប្រភពខាងលើបានបន្តថា ទីក្រុងដែលត្រូវជួបប្រទះនឹងគ្រោះធម្មជាតិមិនធ្លាប់មាននោះមានដូចជា ទីក្រុង Chongqing, ទីក្រុង Shanghai, តំបន់មួយចំនួននៅក្នុងខេត្ត Sichuan, ក្រុង Yixing ស្ថិតនៅក្នុងខេត្ត Jiangsu និងក្រុងសំខាន់ៗជាច្រើនទៀតនៅក្នុងខេត្ត​Zhejiang, ខេត្តFujian, ខេត្ត Jiangxi, ខេត្តHubei និង​ខេត្តAnhui ខណៈកម្រិតសីតុណ្ណភាពបានកើនឡើងក្នុងចន្លោះពី ៣៧អង្សាសេ រហូតដល់ ៤២អង្សាសេឯណោះ។ នៅចំពោះមុខការកើនឡើងនៃរលកកម្តៅដ៏ខ្ពស់នេះអាជ្ញាធរចិនបានអំពាវនាវឲ្យពលរដ្ឋខ្លួនត្រូវចេះប្រុងប្រយ័ត្ននិងការពារខ្លួនឲ្យបានខ្ពស់ជាងធម្មតា ដើម្បីចៀសវាងការកើតមានបញ្ហាណាដោយយថាហេតុ។ សូមបញ្ជាក់ផងដែរថា សម្រាប់អជ្ញាធរចិនបានចាត់ទុកការកើនឡើងនូវរលកកម្ពៅក្នុងកម្រិតខាងលើនេះគឺជាវិបត្តិគួរឲ្យព្រួយបារម្ភមួយ ហើយអាជ្ញាធរចិនក៏បានសម្រេចទាញសញ្ញាអាសន្នកម្រិត ៣ផងដែរ ចំពោះបញ្ហាអាកាសធាតុមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: