មនុស្ស ៤នាក់ដែលជាអ្នកទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima ត្រូវតុលាការបង្គាប់ឲ្យសងថ្លៃខូចខាតជាប្រាក់ចំនួន ៩៧ពាន់លានដុល្លារ
- BY
- Pheakdey
- July 14, 2022
ជប៉ុន៖ តុលាការក្រុងតូក្យូនៅថ្ងៃពុធ ទី១៣ ខែកក្កដានេះបានសម្រេចបង្គាប់ឲ្យអតីតនាយកប្រតិបត្តិនៃរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima និងក្រុមប្រតិបត្តិករមួយចំនួនត្រូវសង់ប្រាក់ថ្លៃខូចខាតសរុបចំនួន ១៣,៣២លានលានយេន (៩៧ពាន់លានដុល្លារ) ចំពោះការ បរាជ័យក្នុងការទប់ស្កាត់គ្រោះមហន្តរាយ ដែលបានកើតមានឡើងនាពេលកន្លងមកនិងបានបង្កវិនាសកម្មយ៉ាងធំធេងសម្រាប់ប្រទេសជប៉ុននិងប្រជាជនជប៉ុន។ បើយោងតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា អតីតនាយកប្រតិបត្តិនិងក្រុមប្រតិបត្តិករទាំងអស់នោះមានចំនួនសរុប ៤នាក់ ដែលជាម្ចាស់ភាគហ៊ុនមកពីក្រុមហ៊ុន Tokyo Electric Power Company (TEPCO) ហើយពួកគាត់គឺជាអ្នកទទួលខុសត្រូវធំបំផុតចំពោះហេតុការណ៍ផ្ទុះរោងចក្រនុក្លេអ៊ែរ Fukushima ដែលបង្កឡើងដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១។

ប្រភពខាងលើបានបន្តថា ទំហំទឹកប្រាក់សម្រាប់សងថ្លៃខូចខាតខាងលើនេះគឺជាប្រាក់សងជំងឺចិត្តច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់បណ្តឹងរដ្ឋប្បវេណីនៅក្នុងប្រទេសជប៉ុន។ ក្រោយមានការសម្រេចរបស់តុលាការក្រុងតូក្យូដូចខាងលើនេះ ក្រុមហ៊ុន Tokyo Electric Power Company (TEPCO) បានចេញសេចក្តីថ្លែងការដោយមានខ្លឹមសារថា៖ “យើងសូមសម្តែងនូវការសុំអភ័យទោសដោយស្មោះអស់ពីដួងចិត្តរបស់យើងជាថ្មីម្តងទៀតចំពោះប្រជាជននៅ Fukushima និងពលរដ្ឋជប៉ុនទាំងអស់ចំពោះគ្រោះមហន្តរាយដែលបានកើតមានឡើងនៅរោងចក្រផលិតនុយក្លេអ៊ែរនាពេលកន្លងមក។ ចំពោះក្រុមប្រជាពលរដ្ឋដែលជាដើមបណ្តឹងវិញបាននាំគ្នាលើកបដាថា “ការទទួលខុសត្រូវចំពោះមុខច្បាប់ត្រូវតែមានទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ”៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






