អន្តរជាតិ

ប្រទេសនៅភាគខាងលិចតំបន់អឺរ៉ុបកំពុងប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតមួយ ខណៈនៅតំបន់ខ្លះរលកកម្តៅបានបង្កឲ្យមានបញ្ហាភ្លើងឆេះព្រៃទៀតផង

BY
Pheakdey
July 14, 2022

អឺរ៉ុប៖ ក្រុមប្រទេសមួយចំនួននៅភាគខាងលិចតំបន់អឺរ៉ុបកំពុងប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី១៣ ខែកក្កដាម្សិលមិញនេះ។ ក្នុងថ្ងៃទី១៣ ម្សិលមិញនេះសីតុណ្ហភាពនៅក្នុងប្រទេសបារាំងនិងអង់គ្លេសបានកើនដល់កម្រិតខ្ពស់បំផុត ខណៈនៅតំបន់ភាគខាងត្បូងនៃប្រទេសបារាំងរលកកម្តៅបានបង្កឲ្យមានបញ្ហាភ្លើងឆេះព្រៃក្នុងផ្ទៃដីប្រមាណជា ១,០០០ ហិចតាទៀតផង។ ហេតុការណ៍នេះក៏បានធ្វើឲ្យពលរដ្ឋបារាំងដែលកំពុងរស់នៅក្នុងភាគខាងត្បូងនៃទីក្រុង Bordeaux ប្រមាណជា ១៥០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពជាបន្ទាន់ផងដែរ។

ប្រភពខាងលើបានបន្តថា ដើមឈើធំៗដែលជាប្រភេទរុក្ខជាតិប្រណិតនៅលើផ្ទៃដីប្រមាណជា ៧០០ ហិចតានៅក្នុងតំបន់ Dune of Pilat នៃប្រទេសបារាំងត្រូវបានអណ្តាតភ្លើងលេបត្របាក់អស់គួរឲ្យសោកស្តាយជាទីបំផុត។ ដោយឡែកសម្រាប់សីតុណ្ហភាពនៅតំបន់ Iberian Peninsula ដែលជាតំបន់នៅចន្លោះរវាងប្រទេសអេស្ប៉ាញនិងព័រទុយហ្គាល់វិញបានកើនឡើងដល់កម្រិតខ្ពស់ជាង ៤០អង្សាសេសម្រាប់នៅក្នុងសប្តាហ៍នេះ ខណៈរលកកំដៅក៏បានបង្កឲ្យមានភ្លើងឆេះព្រៃយ៉ាង​សន្ធោសន្ធៅនៅក្នុងប្រទេសព័រទុយហ្គាល់ផងដែរ។ បើតាមក្រុមអ្នកជំនាញផ្នែកអាកាសធាតុបានព្យាករណ៍ថា ពិភពលោកនឹងត្រូវជួបប្រទះគ្រោះធម្មជាតិកាន់តែអាក្រក់ឡើងៗ ដ្បិតធនធានធម្មជាតិត្រូវបានបំផ្លាញយ៉ាងហិនហោចដោយសកម្មរបស់មនុស្សជារៀងរាល់ថ្ងៃផងដែរ៕

Western Europe wilts under fresh heatwave | World News - Hindustan Times

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: