អន្តរជាតិ

វ៉ាក់សាំងកូវីដ-១៩ជំនាន់ថ្មីដែលជាការបញ្ចូលគ្នារវាងវ៉ាក់សាំង ២ប្រភេទក្នុងដូសតែមួយនឹងមានប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំងដែលមានក្នុងពេលបច្ចុប្បន្ន

BY
Pheakdey
July 14, 2022

អឺរ៉ុប៖ ការិយាល័យសុខាភិបាលអឺរ៉ុបកាលពីថ្ងៃពុធ ទី១៣ ខែកក្កដានេះបានឲ្យដឹងថា ការទទួលបានវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគនៃជំងឺកូវីដ-១៩ពីរប្រភេទផ្សេងគ្នានៅក្នុងដូសតែមួយ នឹងជួយបង្កើតឲ្យមានប្រព័ន្ធការពាររាងកាយរឹងមាំជាងការចាក់វ៉ាក់សាំងដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះ។ បើតាមលោក Pierre Delsaux ដែលជាប្រធានផ្នែកឆ្លើយតបចំពោះការសង្គ្រោះបន្ទាន់នៃការិយាល័យសុខាភិបាលអឺរ៉ុបបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna និងក្រុមហ៊ុន The BioNTech-Pfizer កំពុងស្ថិតក្នុងតំណាក់កាលផលិតវ៉ាក់សាំងពីរប្រភេទបញ្ចូលគ្នាជាវ៉ាក់សាំងតែមួយហើយ ដោយវ៉ាក់សាំងទាំងពីរនោះរួមមានវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគដើមនៃជំងឺកូវីដ-១៩ក្នុងទីក្រុងវ៉ូហាន និងវ៉ាក់សាំងមួយទៀតគឺជាប្រភេទវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគបំប្លែងខ្លួនអូមីក្រុង។

លោក Pierre Delsaux បានបន្តថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ពោលគឺដំណើរការនៃការផលិតវ៉ាក់សាំងជំនាន់ថ្មីដែលជាការច្របាច់បញ្ចូលគ្នារវាងវ៉ាក់សាំងដែលផ្តោតសំខាន់លើមេរោគពីរផ្សេងគ្នានេះទទួលបានជោគជ័យ គឺគេនឹងសាកល្បងប្រើប្រាស់វានៅក្នុងអំឡុងរដូវស្លឹកឈឺជ្រុះ (ចាប់ពីថ្ងៃទី២៣ ខែកញ្ញារហូតដល់ថ្ងៃទី២២ ខែធ្នូ) ខាងមុខនេះតែម្តង។ ប្រធានផ្នែកឆ្លើយតបចំពោះការសង្គ្រោះបន្ទាន់រូបនេះបានបន្តទៀតថា រូបលោកមានការសាទរយ៉ាងខ្លាំងចំពោះការផលិតវ៉ាក់សាំងកូវីដ-១៩ជំនាន់ថ្មីរបស់បណ្តាក្រុមហ៊ុនទាំងអស់ ព្រោះថាវ៉ាក់សាំងនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិនៅជុំវិញពិភពលោក មិនថាវ៉ាក់សាំងទាំងនោះស្ថិតនៅក្នុងទម្រង់បែបណានោះទេ។ សូមបញ្ជាក់ផងដែថា ក្នុងអំឡុងពេលនេះក្រុមហ៊ុន BioNTech និង Pfizer ក៏កំពុងព្យាយាមផលិតវ៉ាក់សាំងដោយផ្តោតការប្រឆាំងចំពោះមេរោគបំប្លែងខ្លួនអូមីក្រុងតែមួយមុខផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: