អ្នកជំនាញថៃម្នាក់អះអាងថា អូមីក្រុងអាចនឹងមិនធ្ងន់ធ្ងរនោះទេ តែការវ៉ាក់សាំងនៅតែចាំបាច់ដើម្បីការពារអាយុជីវិត
- BY
- Pheakdey
- July 16, 2022
ថៃ៖ អ្នកជំនាញថៃម្នាក់បានឲ្យដឹងថា ជំងឺកូវីដ-១៩ប្រភេទអូមីក្រុងអាចនឹងមិនធ្ងន់ធ្ងរខ្លាំងនោះទេ តែយ៉ាងណាក្តីការចាក់វ៉ាក់សាំងនៅតែមានភាពចាំបាច់ដើម្បីការពារជីវិតពីមេរោគបំប្លែងខ្លួនមួយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កកដានេះបានបញ្ជាក់ថា ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិតសាស្រ្តចារ្យ Nitipatana Chierakul ជាអ្នកជំនាញផ្នែកជំងឺឆ្លងមកពីមន្ទីរពេទ្យ Siriraj និងជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៃសកលវិទ្យាល័យ Mahidol។

តាមរបាយការណ៍របស់លោក Nitipatana Chierakul បានបង្ហាញថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ប្រភេទអូមីក្រុងទាំងអស់គឺមានតែ ៨%ប៉ុណ្ណោះ ដែលបានកើតមានជំងឺរលាកសួត ខណៈបើធៀបទៅនឹងអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទដែលតាវិញគឺមាន ៤០% នៃអ្នកឆ្លងទាំងអស់សុទ្ធតែបានកើតមានជំងឺរលាកសួត។ តាមរយៈទិន្នន័យនេះគេអាចវាយតម្លៃបានថា មេរោគអូមីក្រុងអាចនឹងខ្សោយជាងមេរោគដែលតា ៥ដង។ បើទោះជាយ៉ាងនេះក៏ដោយចុះ ការចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់ចំនួនទៅតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនៅតែមានភាពចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានគ្រោះថ្នាក់ដល់អាយុជីវិត ទោះមេរោគនោះជាមេរោគប្រភេទណានិងស្ថិតនៅក្នុងលក្ខខណ្ឌណាក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand
- Share This Post:






