ម្តាយរបស់ឃាតករបាញ់លោក Shinzo Abe បានបរិច្ចាគប្រាក់ជាង ៧២ម៉ឺនដុល្លារទៅកាន់ព្រះវិហារមួយកន្លែង
- BY
- Pheakdey
- July 16, 2022
ជប៉ុន៖ កាសែត បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃសុក្រ ទី១៥ ខែកក្កដានេះបានរាយការណ៍ថា ស្រ្តីដែលត្រូវជាម្តាយបង្កើតរបស់ឃាតករបាញ់សម្លាប់លោក Shinzo Abe បានបរិច្ចាគប្រាក់ចំនួន ១០០លានយេន (៧២១,៨៧៥ ដុល្លារអាមេរិក) ទៅកាន់ព្រះវិហារមួយកន្លែងដែលមានឈ្មោះថា Unification Church។ ដំណឹងនៃការបរិច្ចាគប្រាក់ក្នុងចំនួនដ៏ច្រើននេះត្រូវបានទម្លាយដោយបុរសម្នាក់ ដែលត្រូវជាពូបង្កើតរបស់បុរសជាឃាតករ ខណៈគេមិនបានប្រទះឃើញរបាយការណ៍ឬបង្កាន់ដៃនៃការបរិច្ចាគប្រាក់នោះទេ។

គួររម្លឹកជូនថា លោក Tetsuya Yamagami អាយុ ៤១ឆ្នាំ ដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី៨ កន្លងទៅបានប្រាប់ប៉ូលិសថា លោកមានបំណងចង់សម្លាប់លោក Shinzo Abe ព្រោះតែគាត់មានទំនាក់ទំនងជាមួយនឹងព្រះវិហារមួយកន្លែង ហើយព្រះវិហារនោះគឺដើមហេតុធ្វើឲ្យគ្រួសាររបស់គាត់ត្រូវធ្លាក់ចូលនៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដ្បិតម្តាយរបស់គាត់បានយកទ្រព្យសម្បត្តិយ៉ាងច្រើនទៅបរិច្ចាគនៅទោះ។ គួរបញ្ជាក់ថា ព្រះវិហារ Unification Church គឺផ្នែកមួយរបស់អង្គការ Family Federation for World Peace and Unification ដែលត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon កាលពីឆ្នាំ ១៩៥៤ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ សម្រាប់នៅក្នុងប្រទេសជប៉ុនព្រះវិហារ Unification Church តែងមានរឿងចម្រូងចម្រាសនិងការរិះគន់ជារឿយៗ ដ្បិតព្រះវិហារមួយនេះបានលើកទឹកចិត្តឲ្យអ្នកដែលដើរតាមជំនឿរបស់ខ្លួនត្រូវចូលរួមបរិច្ចាគប្រាក់យ៉ាងច្រើន ពោលគឺត្រូវបរិច្ចាគឲ្យបានទៀតទាត់នូវទឹកប្រាក់ ១០%នៃចំណូលសរុប៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






