អន្តរជាតិ

រលកកម្តៅបង្កឲ្យមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅភាគនិរតីអឺរ៉ុប ខណៈគិតត្រឹមពេលនេះកម្រិតសីតុណ្ហភាពនៅមិនទាន់ថយចុះទាល់តែសោះ

BY
Pheakdey
July 18, 2022

រលកកម្តៅបានបង្ករឲ្យមានបញ្ហាភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅតាមបណ្តាប្រទេសស្ថិតនៅភាគនិរតីនៃតំបន់អឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដានេះ។ ប្រទេសដែលបានជួបប្រទះនូវបញ្ហាភ្លើងឆេះព្រៃនោះមានដូចជា បារាំង ក្រិច ព័រទុយហ្គាល់ និងអេស្ប៉ាញជាដើម។ គិតត្រឹមពេលនេះអគ្គីភ័យបានបំផ្លាញព្រៃអស់រាប់ពាន់ហិចតា បង្ខំឲ្យពលរដ្ឋក្នុងតំបន់និងអ្នកដំណើររាប់ពាន់នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈក៏មានបុគ្គលិកសង្គ្រោះបន្ទាន់មួយចំនួនបានស្លាប់បាត់បង់ជីវិតផងដែរ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះរលកកម្តៅហាក់មិនមានសញ្ញាថមថយទាល់តែសោះ ខណៈមានប្រទេសជាច្រើនផ្សេងទៀតក៏ត្រៀមទាញសញ្ញាអាសន្នជុំវិញបញ្ហាកើនឡើងកម្តៅនេះផងដែរ។ បើតាមអាជ្ញាធរបារាំងបានឲ្យដឹងថា បារាំងបានបញ្ជូនយន្តហោះពន្លត់អគ្គីភ័យចំនួន ៣គ្រឿង រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង រួមជាមួយអ្នកពន្លត់អគ្គីភ័យជាង ២០០នាក់ ដើម្បីជួយធ្វើអន្តរគមន៍នៅចំពោះមុខគ្រោះធម្មជាតិខាងលើនេះ និងបានសង់កន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន ៧កន្លែងផងដែរសម្រាប់ពលរដ្ឋដែលបានរត់ភៀសខ្លួនពីអគ្គីភ័យ។ គួរបញ្ជាក់ជូនថា បញ្ហាភ្លើងឆេះព្រៃនៅតាមបណ្តាប្រទេសខាងលើនេះបានកើតឡើងក្រោយសីតុណ្ហភាពបានឡើងខ្ពស់ជាង ៤០អង្សាសេជាច្រើនថ្ងៃជាប់ៗគ្នា ហើយក៏បណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះនិងបន្តរាលដាលយ៉ាងលឿនតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: