អន្តរជាតិ

អាជ្ញាធរក្រុង New York ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺអុតស្វា Monkeypox ខណៈពលរដ្ឋដែលស័្មគ្រចិត្តទៅទទួលយកភាគច្រើនជាបុរសមានអាយុចន្លោះនេះ

BY
Pheakdey
July 18, 2022

អាមេរិក៖ កាលពីថ្ងៃអាទិត្យ  ទី១៧ ខែកក្កដាម្សិលមិញនេះមានពលរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានគេប្រទះឃើញឈរតម្រង់ជួរគ្នាយ៉ាងវែងដើម្បីរង់ចាំឱកាសចូលទៅចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា Monkeypox ដែលជាជំងឺឆ្លងថ្មីមួយប្រភេទកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ បើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក ខណៈពលរដ្ឋដែលបានស័្មគ្រចិត្តទៅទទួលយកវ៉ាក់សាំងពីអាជ្ញាធរដោយមិនគិតថ្លៃនោះភាគច្រើនគឺជាបុរសដែលមានអាយុចន្លោះពី ២០-៤០ឆ្នាំ។

ក្រុមពលរដ្ឋដែលទទួលបានសិទ្ធទៅចាក់វ៉ាក់សាំងបង្ការនេះបានប្រាប់អ្នកសារព័ត៌មានថា ពួកគេពិតជាមានសំណាងខ្លាំងណាស់ដែលមានឱកាសអាចចាក់វ៉ាក់សាំងបានមុនគេដូចនេះ ដ្បិតអាជ្ញាធរក្រុង New York នៅមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋទូទាំងទីក្រុងនៅឡើយទេ។ គួររម្លឹកជូនថា កាលពីថ្ងៃសុក្រកន្លងទៅអាជ្ញាធរក្រុង New York បានបើកឲ្យពលរដ្ឋធ្វើការចុះឈ្មោះតាមរយៈគេហទំព័រមួយដើម្បីទទួលបានការណាត់ជួបសម្រាប់ការវ៉ាក់សាំងនេះ ដោយចំនួនកំណត់មានត្រឹម ៩,២០០នាក់ប៉ុណ្ណោះ ហើយក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះគឺមានពលរដ្ឋចុះឈ្មោះពេញអស់តែម្តង។

សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះករណីអ្នកឆ្លងជំងឺអុតស្វា Monkeypox  ត្រូវបានគេរកឃើញចំនួន ៤៦១ករណីនៅក្នុងទីក្រុង New York ខណៈនៅក្នុងក្របខណ្ឌសកលវិញករណីឆ្លងមានរហូតដល់ជាង ៣ពាន់នាក់ហើយក្នុងនោះភាគច្រើន (ប្រមាណជា ៨០%) គឺត្រូវបានរកឃើញនៅតំបន់អឺរ៉ុប៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: