រលកកម្តៅបានឆក់យកជីវិតពលរដ្ឋនៅអេស្ប៉ាញជាង ៥០០នាក់ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ
- BY
- Pheakdey
- July 21, 2022
អេស្ប៉ាញ៖ លោកនាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ Pedro Sanchez កាលពីថ្ងៃពុធ ទី២០ ខែកក្កដានេះបានប្រាប់ឲ្យដឹងថា រលកកម្តៅនៅក្នុងប្រទេសអេស្ប៉ាញបានឆក់យកជីវិតពលរដ្ឋជាង ៥០០នាក់ហើយ ដោយក្នុងគិតក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញនៅពេលនេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅលើរបាយការណ៍ពិសេសមួយរបស់វិទ្យាស្ថានសុខាភិបាល Carlos III Health Institute ដែលបានតាមដាននិងស្រាវជ្រាវយ៉ាងលម្អិតអំពីគ្រោះថ្នាក់ផ្សេងៗបង្កឡើងពីបញ្ហាសីតុណ្ណភាពឡើងខ្ពស់ដោយគិតចាប់ថ្ងៃទី ៩ ដល់ថ្ងៃទី ១៨ ខែកក្កដានេះ។

លោកនាយករដ្ឋមន្ត្រី Pedro Sanchez (រូបកណ្តាល)
តួលេខនៅក្នុងរបាយការណ៍ខាងលើនិងត្រូវបានបង្ហាញជូនជាសាធារណៈតាមរយៈការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី Pedro Sanchez នោះគឺបានបង្ហាញ មានពលរដ្ឋជាង ៥០០បានស្លាប់ក្នុងហេតុផលផ្សេងៗគ្នាជាច្រើន តែហេតុផលចម្បងដែលជំរុញឲ្យមានការស្លាប់ទាំងអស់នោះគឺបណ្តាលមកពីហេតុផលតែមួយគត់គឺការកើនឡើងនៃសីតុណ្ណភាពក្នុងកម្រិតខ្ពស់បំផុត។
គួរបញ្ជាក់ជូនថា កាលពីសប្តាហ៍កន្លងទៅនេះនៅតំបន់មួយចំនួនក្នុងប្រទេសអេស្ប៉ាញបានរងនូវរលកកម្តៅរហូតដល់ ៤៥អង្សាសេ ដែលជាសីតុណ្ណភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មានផងដែរ។ នៅចំពោះមុខការកើនឡើងកម្តៅនេះ អេស្ប៉ាញក៏ត្រូវប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃយ៉ាងច្រើនផងដែរ ខណៈបញ្ហាភ្លើងឆេះព្រៃបានបង្ខំឲ្យពលរដ្ឋអេស្ប៉ាញរាប់ពាន់នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






