អ្នកជំនាញថៃម្នាក់អះអាងថា អ្នកឆ្លងកូវីដ-១៩ ជាក់ស្តែងនៅថៃកាលពីម្សិលមិញនេះអាចមានចំនួនជិតដល់ ១០ម៉ឺននាក់ ខណៈតួលេខផ្លូវការមានត្រឹមជាង ២ពាន់ប៉ុណ្ណោះ
- BY
- Pheakdey
- July 21, 2022
ថៃ៖ អ្នកជំនាញថៃម្នាក់បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការរាតត្បាតខ្លាំងឡើងវិញនៃជំងឺកូវីដ-១៩ ហើយរូបលោកថែមទាំងបានអះអាងទៀតថា អ្នកឆ្លងជំងឺកូវីដ-១៩ជាក់ស្តែងនៅក្នុងប្រទេសថៃគឺមានចំនួនខ្ពស់ជាងតួលេខផ្លូវការរបស់អាជ្ញាធរឆ្ងាយខ្លាំងណាស់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា អ្នកជំនាញថៃរូបនេះគឺលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Thira Woratanarat មកពីសាកលវិទ្យាល័យជូឡាឡុងកន ជាអ្នកជំនាញផ្នែកជំងឺឆ្លង និងជាអ្នកដែលបានតាមដានស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសយ៉ាងល្អិតល្អន់មួយរូបផងដែរ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Thira Woratanarat
តាមរយៈសារនៅលើគណនីបណ្តាញសង្គម Facebook ដែលបានបង្ហោះកាលពីថ្ងៃពុធ ទី ២០ ខែកក្កដានេះ លោកសាស្ត្រាចារ្យ Thira Woratanarat បានអះអាងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចមានរហូតដល់ខ្ទង់ ៩៦,២០០នាក់ ខណៈរបាយការណ៍ផ្លូវការរបស់អាជ្ញាធរសម្រាប់ថ្ងៃទី ២០នោះបានបង្ហាញថា មានអ្នកជំងឺកូវីដ-១៩ត្រឹម ២,៨៨៦នាក់ប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យរូបនេះបានបន្ថែមទៀតថា មេរោគដែលកំពុងបង្កការរាតត្បាតខ្លាំងនៅក្នុងប្រទេសថៃនៅពេលនេះគឺជាមេរោគបំប្លែងខ្លួនអូមីក្រុង BA.4 និង BA.5 ដែលជាប្រភេទមេរោគបង្កការចម្លងបានលឿន និងបង្កគ្រោះថ្នាក់ខ្ពស់ជាងមេរោគបំប្លែងខ្លួនផ្សេងទៀតផងដែរ។ សូមរម្លឹកជូនថា នាពេលកន្លងមកមានជំនាញថៃជាច្រើនសុទ្ធតែបានអះអាងថា កូវីដ-១៩នៅក្នុងប្រទេសថៃនឹងផ្ទុះខ្លាំងឡើងវិញនៅក្នុងអំឡុងខែសីហានេះ ខណៈថៃក៏ទើបរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទទៀតផងដែរ គឺវ៉ារ្យ៉ង់ BA.2.75៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand
- Share This Post:






