សហភាពអឺរ៉ុបព្រមានអំពីផលិតផលមីកញ្ចប់ និងហ្វឺវៀតណាម ដោយសារមានផ្ទុកសារធាតុហាមឃាត់លើសកម្រិត
- BY
- Pheakdey
- July 26, 2022
អឺរ៉ុប៖ ប្រទេសអាឡឺម៉ង់បានចេញសេចក្តីព្រមានមួយអំពីផលិតផលមីកញ្ចប់ដែលជាផលិតផលរបស់ប្រទេសវៀតណាម ដែលបាននាំចូលប្រទេសខ្លួនថា មានផ្ទុកនូវសារធាតុហាមឃាត់មួយប្រភេទលើសកម្រិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅនេះ។ មីកញ្ចប់ដែលទទួលបានការព្រមានពីអាជ្ញាធរអាឡឺម៉ង់នោះ គឺជាមីកញ្ចប់រសជាតិសាច់មាន់ ផលិតដោយក្រុមហ៊ុន Asiafoods Corporation ដែលមានផ្ទុកនូវសារធាតុអេទីឡែនអុកស៊ីដលើសកម្រិតស្តង់ដាសុវត្ថិភាពដែលអនុញ្ញាតដោយអាជ្ញាធរសុខាភិបាលអឺរ៉ុប។

ទន្ទឹមគ្នានេះប្រទេសម៉ាល់តាក៏បានចេញសេចក្តីព្រមានមួយផងដែរចំពោះផលិតផលហ្វឺកញ្ចប់របស់ប្រទេសវៀតណាមនាំចូលមកប្រទេសខ្លួន ដោយអាជ្ញាធរម៉ាល់តាបញ្ជាក់ថា ហ្វឺនោះត្រូវបានផលិតឡើងពីម្សៅអង្ករដែលមានការកែច្នៃហ្សែន។
ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរទទួលបន្ទុកផ្នែកសុវត្ថិភាពចំណីអាហារ ដែលស្ថិតនៅក្រោមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានទទួលលិខិតព្រមានរបស់សហភាពអឺរ៉ុបរួចហើយ ខណៈមន្ត្រីជំនាញក៏កំពុងត្រួតពិនិត្យបញ្ហានេះឡើងវិញផងដែរ។ បើតាមតំណាងរបស់អាជ្ញាធរវៀតណាមម្នាក់បានប្រាប់ឲ្យដឹងថា ផលិតផលមីកញ្ចប់ដែលទទួលបានការព្រមានពីអាជ្ញាធរអាឡឺម៉ង់នោះទំនងជាត្រូវនាំចេញទៅប្រទេសអាឡឺម៉ង់តាំងពីឆ្នាំមុនម្លេះ ពោលគឺនៅមុនពេលដែលសហភាពអឺរ៉ុបបានដាក់ចេញគោលការណ៍ថ្មីស្តីពីការកំណត់បរិមាណសារធាតុអេទីឡែននៅក្នុងចំណីអាហារ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈមក សភាពអឺរ៉ុបបានដាក់ចេញនូវគោលការណ៍ថ្មីមួយចំពោះសុវត្ថិភាពចំណីអាហារដោយកំណត់មិនឲ្យមានសារធាតុអេទីឡែនលើសពី ០,០១មីលីក្រាមនោះទេក្នុងអាហារមួយគីឡូក្រាម៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






