អន្តរជាតិ

ក្រុងវ៉ូហានរបស់ចិនកំពុងអនុវត្តវិធានការបិទខ្ទប់ជាថ្មីម្តងទៀត ក្រោយកូវីដ-១៩បង្កការរាតត្បាតឡើងវិញ

BY
Pheakdey
July 27, 2022

ចិន៖ អាជ្ញាធរនៃទីក្រុងវ៉ូហាន ប្រទេសចិន ដែលជាកន្លែងផ្តើមកើតមានមេរោគនៃជំងឺកូវីដ-១៩ដំបូងគេនោះបានសម្រេចអនុវត្តវិធានការបិទខ្ទប់ជាថ្មីម្តងទៀតហើយ ក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាច្រើនករណីនៅតាមសហគមន៍។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដានេះបានបញ្ជាក់ថា វិធានការបិទខ្ទប់របស់អាជ្ញាធរក្រុងវ៉ូហាននៅពេលនេះមិនត្រូវបានអនុវត្តទូទាំងទីក្រុងឡើយ ពោលគឺអនុវត្តតែនៅក្នុងតំបន់ Jiangxia មួយប៉ុណ្ណោះ។

គួរកត់សម្គាល់ថា Jiangxia គឺជាខណ្ឌដ៏ធំនិងសំខាន់មួយរបស់ទីក្រុងវ៉ូហាន ដោយតំបន់មួយនេះប្រជាពលរដ្ឋរស់នៅប្រហែលជា ១លាននាក់។ វិធានការបិទខ្ទប់នេះនឹងត្រូវអនុវត្តយ៉ាងតិចណាស់ចំនួន ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃពុធនេះតទៅ ហើយនៅក្នុងអំឡុពេលនេះនៃការបិទខ្ទប់នេះគឺសកម្មភាពអាជីវកម្ម និងការធ្វើដំណើរសាធារណៈទូទៅត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន លើកលែងតែអ្នកមានភារកិច្ចចាំបាច់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យនៅទូទាំងប្រទេស ដូចនេះហើយអាជ្ញាធរចិនតែងអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតបើទោះជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីមិនច្រើនដូចនៅក្នុងប្រទេសមួយចំនួនក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: