កាសែត CNA រាយការណ៍ថា៖ រុស្ស៊ីនឹងរៀបចំ “ល្បែងសង្គ្រាម” ដ៏ធំមួយនៅខែក្រោយ
- BY
- Pheakdey
- July 27, 2022
រុស្ស៊ី៖ ប្រទេសរុស្ស៊ីគ្រោងនឹងរៀបចំ “ល្បែងសង្គ្រាម” ដ៏ធំមួយនៅខែក្រោយ នេះបើយោងតាមចំណងជើងរបស់អត្ថបទព័ត៌មានមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia (CNA)នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដានេះ។ “ល្បែងសង្គ្រាម” ដែល CNA បានរាយការណ៍នោះគឺសំដៅទៅលើផែនការធ្វើ “សមយុទ្ធយោធាយុទ្ធសាស្រ្ត” ទ្រង់ទ្រាយធំមួយ ដែលរុស្ស៊ីគ្រោងនឹងរៀបចំឡើងនៅតំបន់ភាគខាងកើតប្រទេសរបស់ខ្លួន ដោយទីតាំងរៀបចំធ្វើសមយុទ្ធនោះមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីសមភូមិសង្គ្រាមពិតរវាងកងទ័ពរុស្ស៊ីនិងកងទ័អ៊ុយក្រែន។

បើតាមក្រសួងការពារជាតិរុស្ស៊ីបានហៅការធ្វើសមយុទ្ធយោធានោះថា ” Vostok” ដែលនឹងត្រូវចាប់ពីផ្តើមពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ហើយគោលបំណងនៃការរៀបចំធ្វើសមយុទ្ធយោធានេះគឺដើម្បីបង្ហាញពិភពលោកថា បើទោះជារុស្ស៊ីកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ តែរុស្ស៊ីនៅតែអាចផ្តោតការយកចិត្តទុកដាក់ចំពោះកិច្ចការពារដែនដីរបស់ខ្លួនបានយ៉ាងរឹងមាំ ពោលគឺកម្លាំងការពារជាតិរុស្ស៊ីនៅតែមានសមត្ថភាពខ្លាំងដូចពេលមិនទាន់មានសង្គ្រាមជាមួយអ៊ុយក្រែនអីចឹងដែរ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកជំនាញផ្នែកយោធានៅលើពិភពលោកបានមើលឃើញថា រុស្ស៊ីនឹងត្រូវចំណាយលុយយ៉ាងច្រើនក្នុងការបង្ហាញឥទ្ធិពលយោធារបស់ខ្លួនៅពេលនេះ បន្ថែមពីលើការចំណាយយ៉ាងច្រើនរួចទៅហើយលើសង្គ្រាមពិតជាមួយអ៊ុយក្រែនដែលបានអូសបន្លាយអស់រយៈពេលប្រហែលជា ៥ខែមកនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






