ក្រុមអ្នកជំនាញព្យាករណ៍ថា ជំងឺអុតស្វា Monkeypox នឹងផ្ទុះខ្លាំងក្នុងរយៈពេលជាច្រើនខែ ហើយ WHO ត្រូវតែដាក់ចេញវិធានការបន្ទាន់មួយដើម្បីទប់ស្កាត់ការរាតត្បាត
- BY
- Pheakdey
- July 27, 2022
ក្រុមអ្នកវិទ្យាសាស្រ្តបានប្រាប់ឲ្យអង្គការសុខភាពពិភពលោកត្រូវដាក់ចេញនូវវិធានការបន្ទាន់មួយដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២៧ ខែកក្កដានេះ។ ការផ្តល់អនុសាសន៍នេះត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺអុតស្វា Monkeypox មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះនិងជាពិសេសជំងឺនេះក៏បានបន្តរាតត្បាតទៅកាន់ប្រទេសថ្មីៗជាច្រើនបន្ថែមទៀតផងដែរ ទាំងនៅក្នុងតំបន់អឺរ៉ុបនិងអាស៊ី។

បើតាមលោកសាស្ត្រាចារ្យ Anne Rimoin ដែលជាអ្នកឯកទេសផ្នែករោគរាតត្បាតនៅសកលវិទ្យាល័យ California រដ្ឋ Los Angeles បានព្យាករណ៍ថា ការរាតត្បាតនៃជំងឺអុតស្វា Monkeypox នឹងផ្ទុះខ្លាំងនៅក្នុងរយៈពេល ៣-៤ខែខាងមុខ ហើយក្នុងអំឡុងពេលដែលការរាតត្បាតឡើងដល់ចំណុចខ្ពស់បំផុតនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសនីមួយៗត្រូវតែបង្កើនការប្រុងប្រយ័ត្ននិងព្យាយាមទប់ស្កាត់ការចម្លងក្នុងកម្រិតខ្ពស់បំផុតផងដែរ រហូតដល់រលកនៃការរាតត្បាតថមថយទៅវិញ។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សប្រមាណជា ១៧,៨០០នាក់នៅក្នុងប្រទេសចំនួន ៧០ផ្សេងគ្នា ហើយតាមការព្យាករណ៍របស់អ្នកជំនាញគឺនៅត្រឹមថ្ងៃទី ២ ខែសីហាខាងមុខនេះចំនួនអ្នកឆ្លងអាចនឹងកើនឡើងដល់ខ្ទង់ ២៧,០០០នាក់ និងបន្តរាតត្បាតរហូតដល់ ៨៨ប្រទេសនៅជុំវិញពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






