ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២២នេះ មន្ទីរសាធារណការខេត្តក្រចេះ សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ

BY
srey nuch
July 28, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២២ បានឱ្យដឹងថា លោកសាំង ប៊ុនថេន ប្រធាន មន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្ត បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលកម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះខេត្តក្រចេះបច្ចុប្បន្នបានទទួល ការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន លូ ហេដ្ឋារចនាសម្ពន្ធ័នៅទូទាំងខេត្ត ដោយបានប្រែក្លាយខេត្តភូមិភាគឦសាន្តមួយនេះ ឱ្យមានភាពលេចធ្លោនិងស៊ីវិល័យដូចបណ្តាខេត្តដទៃទៀតដែរ។

លោកបានបន្តថា ក្នុងឆ្នាំ ២០២២នេះ មន្ទីរបានខិតខំប្រឹងប្រែងអនុវត្តន៍ផែនការសំខាន់ៗដែលបានដាក់ចេញដោយយកចិត្តទុកដាក់ក្នុងការសាងសង់ការជួសជុលផ្លូវដែលមានស្រាប់និងតភ្ជាប់បណ្ដាញផ្លូវថ្មីៗសរុបជាង ១០០គីឡូម៉ែត្រប្រកបដោយចីរភាពនិងនិរន្តរភាពដើម្បីប្រើ ប្រាស់យូរអង្វែងកាត់បន្ថយការចំណាយថវិកាជាតិនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាពិសេសនោះគឺរៀបចំសោភ័ណភាពនៅតាមដងផ្លូវផងដែរ។

សំឡេង៖ «សមិទ្ធផល ដែលមន្ទីរសាធារណការកំពុងអនុវត្តក្នុងឆ្នាំ២០២២នេះ ដែលមានគម្រោងកំពុងអនុវត្តដូចជាទី១ ការងារថែទាំខួប ផ្លូវជាតិលេខ ៧៣ដោយយើងរាយបាចថ្មពីរជាន់កៅស៊ូ DBST មានប្រវែង៤៥០០ ម៉ែត្រទទឹង ១០ ម៉ែត្រយើងអនុវត្តបានសម្រេច ១០០ភាគរយ ហើយទី២យើងថែទាំផ្លូវជាតិលេខ ៧៦ដែលមានប្រវែង ៣០០០ម៉ែត្រទទឹង ១០ ម៉ែត្រយើងកសាងពីកៅស៊ូDBST បច្ចុប្បន្ននេះក៏មន្ទីរអនុវត្តបាន១០០ភាគរយដែរ ទី៣ការងារស្ថាបនាផ្លូវខេត្ត២៧៩ ដែលស្ថិតនៅក្នុងស្រុកព្រែកប្រសព្វដែលមានប្រវែង ២៨០០ ម៉ែត្រទទឹង ៧ម៉ែត្រកសាងពីកៅស៊ូ DBST ក៏យើងសម្រេចបាន ១០០ ភាគរយដែរនិងការស្ថាបនាផ្លូវខេត្តលេខ៣៧១ ដែលមានប្រវែង ២៦០០ម៉ែត្រទទឹង ៧ម៉ែត្រយើងកសាងពីកៅស៊ូ DBST ក៏សម្រេចបាន ១០០ភាគរយដែរ»។

លោកបន្តថា បច្ចុប្បន្នក្រុមការងារជំនាញក៏បន្តបេសកកម្មរបស់ខ្លួនក្នុងការថែទាំកំណាត់ផ្លូវជាតិផ្លូវខេត្តដែលក្រាលកៅស៊ូមានចំនួន៨ខ្សែ ប្រវែង ៣១៤គីឡូម៉ែត្រ និងថែទាំកំណត់ផ្លូវជាតិផ្លូវខេត្តដែលក្រាលដីល្បាយថ្មចំនួន ៤៣ខ្សែ មានប្រវែង ៧៦០គីឡូម៉ែត្រ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ប្រែក្លាយខេត្តក្រចេះឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញនាពេលអនាគត ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: