ព័ត៌មានជាតិ
លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី មកស្រាយចម្ងល់ពលរដ្ឋពាក់ព័ន្ធផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីម្សិលមិញ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ “លក្ខណៈពិសេសនៃផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

លោកជំទាវ កុយ សុដានី បានធ្វើការឆ្លើយតបរាល់ចម្ងល់បងប្អូនប្រជាពលរដ្ឋជាច្រើនពាក់ព័ន្ធនឹងផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត ត្រូវបានបកស្រាយក្នុងកម្មវិធី MPWT LIVE SHOW នេះផងដែរ។ នៅក្នុងសំណួរ សុទ្ធសឹងតែជាសំណួរ ដែលជាចំណេះដឹងសម្រាប់បងប្អូនប្រជាពលរដ្ឋ មានដូចខាងក្រោម៖
សំណួរទី១៖ តើផ្លាកលេខកម្ពុជា ផ្លាកលេខខេត្ត រាជធានី ខុសគ្នាដូចម្ដេច? ចម្លើយ៖ ភាពខុសគ្នារវាងផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានីខេត្តគឺ៖ ផ្លាកលេខកម្ពុជាជាលេខចុះបញ្ជីដែលអាចដាក់ជាឈ្មោះរបស់ខ្លួនបាន ឬអាចបង្គុំជ្រើសរើសលេខចុះបញ្ជីផ្សេង ដែលការបង្គុំនោះមានជាលេខ ឬ/និងអក្សរឡាតាំង តែមិនឱ្យលើសពី៨ខ្ទង់ឡើយ ហើយមិនកំណត់អត្តសញ្ញាណរបស់ម្ចាស់យានជំនិះទេ។ ដោយឡែកផ្លាកលេខសម្គាល់រាជធានីខេត្ត គឺជាលេខរថយន្តដែលមានទម្រង់ស៊េរីលេខពីខាងមុខដូចជា៖ A B និងមានលេខចុះបញ្ជីជាលេខ៤ខ្ទង់បន្ទាប់។ ឧទាហរណ៍ ភ្នំពេញ 2A-0001 ហើយលេខចុះបញ្ជីនេះ អនុញ្ញាតឱ្យទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ម្ចាស់យានជំនិះ។
សំណួរទី២៖ ហេតុអ្វីផ្លាកលេខឡានចាំបាច់ដាក់ឈ្មោះបុគ្គលជាអក្សរបរទេស បើរថយន្ដបង្កគ្រោះថ្នាក់ រត់គេចពលរដ្ឋខ្លះអត់ចេះអាន តើរាយការណ៍ទៅសមត្ថកិច្ចយ៉ាងម៉េច? ចម្លើយ៖ ប្រទេសកម្ពុជាជាប្រទេសសមាជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ការដាក់ឱ្យប្រើប្រាស់ផ្លាកលេខរថយន្តជាអក្សរ និងលេខជាអក្សរឡាតាំង គឺមានភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលទៅប្រទេសជិតខាង ម្យ៉ាងទៀតនៅតាមផ្លូវ នានាមានបំពាក់កាមេរ៉ាសុវត្ថិភាព ហើយនៅលើផ្លាកលេខយានយន្តក៏មានបំពាក់បច្ចេកវិទ្យាទំនើបដូចជា QR Code ដែលអាចឱ្យសមត្ថកិច្ចអាចតាមដាន និងត្រួតពិនិត្យបានគ្រប់ពេលនៅពេលមានការបង្ក គ្រោះថ្នាក់ចរាចរណ៍ ហើយអ្នកបង្កគ្រោះថ្នាក់រត់គេច។
សំណួរទី៣៖ ខ្ញុំមានចម្ងល់មួយទាក់ទងនឹងផ្លាកលេខកម្ពុជា យើងប្រើរថយន្ដមួយ នៅពេលដែលយើងចង់ប្ដូរ រថយន្ដ តើយើងអាចប្រើផ្លាកលេខកម្ពុជាហ្នឹងដដែលបានទេ? ចុះពេលដែលយើងប្ដូររថយន្ដថ្មី តើផ្លាកលេខឯកជនធម្មតាត្រូវតម្កល់នៅទីណា? ចម្លើយ៖ នីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខធម្មតាផងដែរគឺរថយន្តមួយអាចចុះបញ្ជីជាមួយនឹងលេខចុះបញ្ជីបានតែមួយគត់ និងអាចប្រើប្រាស់បានរហូត។ ទាំងលេខចុះបញ្ជីពិសេស និងពិសេសផ្ទាល់ខ្លួន ម្ចាស់កម្មសិទ្ធិនៅពេលលក់រថយន្តទៅអ្នកផ្សេង អាចស្នើសុំរក្សាទុកលេខចុះបញ្ជីរបស់ខ្លួនសម្រាប់ទុកចុះបញ្ជីលើរថយន្តថ្មីមួយទៀត ដែលមិនទាន់ចុះបញ្ជីរបស់ខ្លួនបាន ឬអាចលក់ទាំងរថយន្ត និងផ្លាកលេខទៅជាមួយគ្នាក៏បាន។ សូមបងប្អូនកុំយល់ច្រឡំថាពេលលក់រថយន្ត បងប្អូនដោះផ្លាកលេខដែលខ្លួនទុកសម្រាប់បំពាក់លើ រថយន្តរបស់ខ្លួនមួយទៀតដោយខ្លួនឯង ពោលគឺត្រូវអនុវត្តទៅតាមនីតិវិធីនៃច្បាប់កំណត់ ការទុកលេខ ចុះបញ្ជីសម្រាប់បំពាក់លើរថយន្តមួយផ្សេងទៀត នីតិវិធីគឺទុកតែលេខចុះបញ្ជីទេ មិនមែនផ្លាកលេខទេ នៅពេលអនុវត្តតាមនីតិវិធី គឺក្រសួងនឹងផលិតផ្លាកលេខថ្មីជាមួយនឹងលេខចុះបញ្ជីរបស់បងប្អូនដែលបានស្នើសុំទុកនោះជូនវិញ។
សំណួរទី៤៖ ហេតុអ្វីចាំបាច់ឱ្យមានអ្នករត់ការធ្វើផ្លាកលេខ? ធ្វើបែបនេះនាំឱ្យប្រជាពលរដ្ឋចំណាយប្រាក់កាន់តែច្រើន គួរផ្សព្វផ្សាយពីរបៀបរត់ឯកសារផ្លាកលេខឱ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈ? ចម្លើយ៖ ក្រសួងបានខិតខំផ្តល់សេវាឱ្យបានល្អដោយបានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម និងមណ្ឌលផ្តល់សេវាសាធារណៈ ជាច្រើនកន្លែង ដើម្បីបង្ខិតសេវាឱ្យកៀកដល់ដៃប្រជាពលរដ្ឋ ដូច្នេះសូមសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអញ្ជើញមកបញ្ជរ ដោយផ្ទាល់ ឬចូលទៅប្រើប្រាស់តាមប្រព័ន្ធស្វ័យប្រវត្តិOnline ដែលមានប្រាប់ពីរបៀបដាក់ពាក្យស្នើសុំសេវា ចៀសវាងការចំណាយសេវាក្រៅផ្លូវការ និងចូលរួមសហការលុបបំបាត់អ្នករត់ការខុសច្បាប់។
សូមជម្រាបជូនថា៖ ចាប់តាំងពីដំណើរការលក់លេខចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី យានជំនិះនៅឆ្នាំ២០១៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសង្កេតឃើញថា៖ចំណូលដែល បានមកពីការលក់លេខចុះបញ្ជីរថយន្តសរុបមានចំនួន ៣១៣ ១៥៧ ៨៦៤ ១០០រៀល គិតជាប្រាក់ដុល្លាអាមេរិកបានចំនួន ៧៨ ២៨៩ ៤៦៦ដុល្លារ ក្នុងនោះ៖ លេខចុះបញ្ជីពិសេសលក់បានចំនួន ២០៥ ០២៣ លេខ ទទួលបានចំណូលសរុប ២១៧ ៥១៦ ៥៥៩ ៤០០ រៀល (៥៤ ៣៧៩ ១៤០ដុល្លារ)។ ចំណែកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនលក់បានចំនួន ១២ ៩២៦លេខ ទទួលបានចំណូលសរុប ៩៥ ៦៤១ ៣០៤ ៧០០ រៀល (២៣ ៩១០ ៣២៦ដុល្លារ)៕










ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT
ព័ត៌មានជាតិ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ នឹងមានកម្មវិធីពិសេសជាងបណ្តាឆ្នាំមុនៗ ក្នុងនោះគ្រោងរៀបចំកម្មវិធីប្រមាណជាពីរសម្រាប់បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកផងដែរ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ ក្រោមវត្តមាន ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក។

ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានគូសបញ្ជាក់ថា នេះជាខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាព និងពិសេសមានកម្មវិធីជាច្រើនទៀត។
ឯកឧត្ដមបន្ដថា មានកម្មវិធីចំនួនពីរ គ្រោងរៀបចំធ្វើដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ប៉ុន្តែឯកឧត្តមមិនទាន់បញ្ជាក់ថា ជាកម្មវិធីអ្វីនៅឡើយទេ ដោយទុកឱ្យកម្មការងាររៀបចំសិន។ ឯកឧត្ដមបន្ដទៀតថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។
ជាមួយគ្នានេះ នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ អង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសារជាថ្មី ស្របពេលខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែងតែជារូបភាពដែលដក់ជាប់នៅក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលរម្លឹកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរម្ដងៗ។
សូមជម្រាបដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។
ទន្ទឹមនេះ គឺ ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និងចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។
ជាមួយគ្នានេះដែរ នៅក្នុងឱកាសនៃពិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនូវការត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ដែលនេះជាការបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើន ដោយចង់ឱ្យឃើញវត្តមានព្រឹត្តិការណ៍នេះត្រឡប់មកវិញ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៃមហាក្រុមគ្រួសារខ្មែរសារជាថ្មី៕





ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ ប្រកាសដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រ “ថ្កោលទោស” អាចស្នើសុំតាមរយៈអនឡាញ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈនេះតទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល។

ដើម្បីរួមចំណែក ធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌បាននិងកំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រ ថ្កោលទោស ដោយក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ ។
ការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះ នឹងផ្ដល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឱ្យទទួលបាននូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញ ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈ កុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោល ទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច ។
ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលនេះ គឺតម្រូវឱ្យសាធារណជន ចូលទៅកាន់គេហទំព័រ របស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY_Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាម ការណែនាំ និងរបៀបប្រើប្រាស់ ដូចបានភ្ជាប់ជូននៅក្នុងកម្មវិធីនេះ។ ទន្ទឹមនឹងការដាក់ឱ្យដំណើរការសាកល្បងនេះ សាធារណជននៅតែអាចអញ្ជើញមកបំពេញ បែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ ៕

ប្រភព៖ ក្រសួងយុត្តិធម៌ Ministry of Justice