ក្រុមប្រទេសដែលមានចំណូលទាបនឹងត្រូវគេផ្តល់ជូនរូបមន្តថ្នាំប្រឆាំងជំងឺអេដស៍ដើម្បីផលិតចេញថ្នាំសម្រាប់ប្រើប្រាស់ដោយខ្លួនឯង
- BY
- Pheakdey
- July 29, 2022
ទីក្រុងហ្សឺណែវ៖ អង្គការកម្រិតពិភពលោក Unitaid និង Medicines Patent Pool កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដាម្សិលមិញនេះបានជូនដំណឹងថា កិច្ចព្រមព្រៀងពិសេសមួយត្រូវបានគេរៀបចំរួចរាល់ហើយ ដើម្បីអនុញ្ញាតឲ្យមានការផលិតថ្នាំប្រឆាំងនឹងជំងឺអេដស៍នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនៅជុំវិញពិភពលោក។ តាមរយៈកិច្ចព្រមព្រៀងនោះគឺស្ថាប័នជំនាញផ្នែកជំងឺអេដស៍នឹងធ្វើការចែកចាយកំណែទូទៅនៃថ្នាំប្រឆាំងជំងឺអេដស៍ដែលតម្លៃទាបទៅកាន់បណ្តាប្រទេសដែលមានចំណូលទាប ដើម្បីអនុញ្ញាតឲ្យក្រុមប្រទេសទាំងអស់នោះអាចផលិតចេញជាថ្នាំសម្រាប់ប្រើប្រាស់ដោយខ្លួនឯង ពោលគឺមិនបាច់ពិបាកត្រូវនាំចូលពីបរទេសទៀតឡើយ។

បើតាមលោក Herve Verhoosel ដែលជាអ្នកនាំពាក្យឲ្យអង្គការ Unitaid បានប្រាប់ឲ្យដឹងថា កំណែនៃថ្នាំប្រឆាំងជំងឺអេដស៍ដែលគេគ្រោងចែកចាយទៅកាន់ប្រទេសក្រីក្រនោះគឺជាថ្នាំដែលមានឈ្មោះថា Cabotegravir LA និងជាប្រភេទថ្នាំប្រឆាំងនឹងជំងឺអេដស៍ក្នុងរយៈពេលវែងផងដែរ។ លោកបានបន្តថា ប្រសិទ្ធភាពរបស់ថ្នាំនេះគឺវាអាចជួយការពារការចម្លងមេរោគអេដស៍បានរហូតដល់ ២ខែក្រោយពេលចាក់រួច ហើយគិតត្រឹមពេលនេះថ្នាំប្រភេទនេះកំពុងត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសប្រមាណជា ៩០ នៅជុំវិញពិភពលោក។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងខាងលើនេះគឺជាផ្នែកមួយនៃផែនការសកល ដែលគេគ្រោងនឹងបញ្ចប់ការរាតត្បាតនៃជំងឺអេដស៍ឲ្យអស់នៅត្រឹមឆ្នាំ ២០៣០៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






