ស្តែងៗ! អ្នករាំ ២នាក់បានរងរបួសធ្ងន់ ក្រោយផ្ទាំងអេក្រង់ធំមួយបានធ្លាក់ចំពីលើ ខណៈពួកគេកំពុងរាំលើឆាកតន្ត្រីរបស់តារាចម្រៀងហុងកុង Mirror (មានវីដេអូ)
- BY
- Pheakdey
- July 29, 2022
ហុងកុង៖ យ៉ាងហោចណាស់មានអ្នករាំចំនួន ២នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយមានផ្ទាំងអេក្រង់ធំមួយបានធ្លាក់ចំពីលើពួកគេ ខណៈដែលពួកគេកំពុងតែរាំនៅលើឆាកតន្ត្រីដ៏ធំមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដាម្សិលមិញនេះ នៅក្នុងការប្រគំតន្ត្រីមួយរបស់ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ហុងកុងគឺក្រុម Mirror ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌល Hong Kong Coliseum។

ប្រភពខាងលើបានបន្តថា គឺនៅម៉ោង ១០ និង ៣០នាទីយប់នៃការប្រគំតន្ត្រីដ៏អស្ចារ្យនោះ ស្រាប់តែមានអេក្រង់មួយផ្ទាំងធំបានធ្លាក់យ៉ាងលឿនទៅឆាកតន្ត្រី និងបានប៉ះទង្គិចលើក្រុមអ្នករាំចំនួន ២នាក់។ ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យគឺមានអ្នកនាំម្នាក់បានរងនូវរបួសធ្ងន់ធ្ងរ ខណៈម្នាក់ទៀតមានសភាពធូស្រាលអាចដឹងខ្លួនជាធម្មតាបានវិញ។ ក្រោយពេលកើតហេតុ លោក Ahfa Wong ដែលជាអ្នកនាំគ្រប់គ្រងក្រុមតារាចម្រៀង Mirror បានចេញមកសូមទោសក្រុមអ្នកចូលទស្សនា ដ្បិតរូបលោកបានសម្រេចផ្អាកការប្រគំតន្ត្រី និងសូមឲ្យអ្នកចូលទស្សនាត្រលប់ទៅផ្ទះវិញភ្លាមៗផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






