ជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋអ៊ីរ៉ង់ ៥៣នាក់ និង ១៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន
- BY
- Pheakdey
- July 30, 2022
អ៊ីរ៉ង់៖ យ៉ាងហោចណាស់មានពលរដ្ឋអ៊ីរ៉ង់ចំនួន ៥៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់និងការបាក់ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី៣០ ខែកក្កដានេះ។ បើតាមលោក Mehdi Valipour ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការ Red Crescent Society បានឲ្យដឹងថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់ខ្លាំងចំនួន ២ថ្ងៃជាប់គ្នា និងបង្កើតបានជាទឹកជំនន់យ៉ាងឆាប់រហ័ស ហើយដោយសារតែគ្រោះធម្មជាតិមួយនេះបានកើតឡើងលឿនខ្លាំងពេកទើបប្រជាពលរដ្ឋមិនអាចត្រៀមការពារខ្លួនបានទាន់ពេលវេលានោះទេ។

ប្រធានផ្នែកសង្គ្រោះបន្ទាន់រូបនេះបានបន្តថា ជំនន់ទឹកភ្លៀងបានកើតមាននៅក្នុងក្រុងចំនួន ៤០០ និងភូមិចំនួន ១៨ ដែលស្ថិតនៅក្នុងខេត្តចំនួន ៣១ផ្សេងគ្នានៃប្រទេសអ៊ីរ៉ង់ ហើយបើយោងតាមការព្យាករណ៍បានបង្ហាញថា ភ្លៀងអាចនៅបន្តធ្លាក់ជាច្រើនថ្ងៃបន្ថែមទៀតផងដែរ។ ក្រៅពីបានរកឃើញអ្នកស្លាប់ អាជ្ញាធរអ៊ឺរ៉ង់ក៏បានរាយការណ៍ថា គិតត្រឹមពេលនេះគឺនៅមានពលរដ្ឋចំនួន ១៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដែលគេមិនរំពឹងថា ពួកគាត់អាចនៅរស់មានជីវិតនោះទេ។ បើទោះជាយ៉ាងនេះក៏ដោយចុះ ក៏ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការយ៉ាងសកម្មបំផុតដើម្បីស្វែងរកក្រុមមនុស្សដែលកំពុងបាត់ខ្លួននោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






