កូវីដ-១៩ នៅអូស្រ្តាលីផ្ទុះខ្លាំងឡើងវិញ ខណៈអាជ្ញាធរកំពុងជម្រុញឲ្យពលរដ្ឋត្រលប់ទៅធ្វើការងារតាមផ្ទះជាថ្មីម្តងទៀត
- BY
- Pheakdey
- August 1, 2022
អូស្រ្តាលី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១ ខែសីហានេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអូស្រ្តាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាថ្មីម្តងទៀត ហើយនៅចំពោះមុខការផ្ទុះឡើងវិញនេះអាជ្ញាធរអូស្រ្តាលីបានជម្រុញឲ្យពលរដ្ឋអនុវត្តវិធានការធ្វើការងារនៅតាមផ្ទះជាថ្មីម្តងទៀតផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានបញ្ជាក់ថា គឺគិតនៅត្រឹមថ្ងៃទី ២៦ ខែកក្កដាកន្លងទៅនេះនៅតាមមន្ទីរពេទ្យក្នុងប្រទេសអូស្ត្រាលីបានផ្ទុកអ្នកជំងឺពេញអស់ទៅហើយ ខណៈតាមការព្យាករណ៍បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនឹងបន្តកើនឡើងជាច្រើនបន្ថែមទៀតក្នុងរយៈដ៏ខ្លីខាងមុខនេះ។

ឆ្លើយតបនឹងរលករាតត្បាតថ្មីនេះលោក Paul Kelly ដែលជាប្រធានផ្នែកវេជ្ជសាស្រ្តអូស្រ្តាលីបានស្នើសុំឲ្យក្រុមហ៊ុន ស្ថាប័ន និងក្រុមនិយោជកទាំងអស់អនុញ្ញាតឲ្យបុគ្គលិកខ្លួនត្រលប់ទៅធ្វើការងារនៅផ្ទះជាថ្មីម្តងទៀត ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងថ្មី។ ប្រធានផ្នែកវេជ្ជសាស្រ្តរូបនេះបានបន្តថា ប្រសិនបើពលរដ្ឋអាចនាំគ្នាធ្វើការងារនៅតាមផ្ទះបានក្នុងរយៈ ២-៣សប្តាហ៍ជាប់គ្នា នោះស្ថានភាពរាតត្បាតកូវីដ-១៩នឹងមានការប្រែប្រួលយ៉ាងខ្លាំងតែម្តង ពោលគឺចំនួនអ្នកឆ្លងថ្មីនឹងត្រូវបានកាត់បន្ថយយ៉ាងច្រើន។
សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៩លាននាក់ ស្លាប់ជាង ១ម៉ឺននាក់ ខណៈតួលេខអ្នកឆ្លងថ្មីគិតជាមធ្យមក្នុងសប្តាហ៍កន្លងទៅនេះគឺនៅចន្លោះពី ៤-៥ពាន់នាក់ក្នុងមួយថ្ងៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






