អន្តរជាតិ

អ្នកដំណើរម្នាក់ត្រូវពិន័យជាប្រាក់ជិត ២,០០០ដុល្លារ ដោយសារតែយកនំប៊ឺហ្គឺររចូលទឹកដីអូស្រ្តាលី

BY
Pheakdey
August 1, 2022

អូស្រ្តាលី៖ អ្នកដំណើរម្នាក់ត្រូវបានអាជ្ញាធរអូស្រ្តាលីពិន័យជាប្រាក់ជិត ២,០០០ដុល្លារអាមេរិក ក្រោយរូបគាត់បានធ្វើដំណើរទៅដល់ទឹកដីអូស្រ្តាលីដោយបានដាក់នំប៊ឺហ្គឺរចំនួន ២ដុំ និងសាច់ជ្រូកបន្ទះនៅក្នុងកាបូបស្ពាយរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១ ខែសីហានេះបានឲ្យដឹងថា អ្នកដំណើររូបនេះទើបធ្វើដំណើរត្រលប់មកពីប្រទេសឥណ្ឌូនេស៊ី ហើយនំប៊ឺហ្គឺរដែលរូបគាត់បានរក្សាទុកជាប់ខ្លួនសម្រាប់ញ៉ាំនោះគឺនំប៊ឺហ្គឺរយីហោ McMuffins ចំនួន ២ដុំ និងសាច់ជ្រូកបន្ទះជាច្រើនចំណិត ខណៈរូបគាត់មិនបានចាប់អារម្មណ៍ទេថា អាហារទាំងនោះជារបស់ដែលត្រូវបានហាមឃាត់។

គួររម្លឹកជូនថា ថ្មីៗនេះអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានសម្រេចដាក់ចេញវិធានការយ៉ាងតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការចម្លងមេរោគពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ និងជាពិសេសគឺមេរោគដែលអាចចម្លងតាមរយៈអាហារនាំចូលតែម្តង។ តួយ៉ាងដូចករណីខាងលើនេះគឺអ្នកដំណើរត្រូវរងនូវការពិន័យដោយសារតែគាត់បាននាំយកសាច់ជ្រូកពីប្រទេសឥណ្ឌូនេស៊ីដោយគ្មានការអ​នុញ្ញាតពីអាជ្ញាធរ ខណៈដុំសាច់ជ្រូកនោះហើយដែលជាប្រភេទអាហារមានហានិភ័យខ្ពស់នៃការចម្លងមេរោគនោះ។ ចំពោះករណីនាំចូលអាហារពីបរទេសដោយគ្មានការអនុញ្ញាតនេះគឺអ្នកដំណើរត្រូវរងនូវការពិន័យជាប្រាក់ចំនួន ២,៦៦៤ ដុល្លារអូស្រ្តាលី ឬស្មើនឹង ១,៨៦២ ដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: