អន្តរជាតិ

រុស្ស៊ីព្រមានធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន

BY
Pheakdey
August 3, 2022

អាមេរិក៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ទី២ ខែសីហាម្សិលមិញនេះបាននិយាយព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរជុំវិញជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការថ្លែងព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Alexander Trofimov មន្ត្រីការទូតរុស្ស៊ី និងត្រូវបានធ្វើឡើងក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមកិច្ចប្រជុំមួយជាមួយអង្គការសហប្រជាជាតិ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លោក Alexander Trofimov បានបញ្ជាក់ថា ចំពោះជម្លោះនៅអ៊ុយក្រែនគឺរុស្ស៊ីអាចនឹងធ្វើការពិចារណាចំពោះជម្រើសនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរឬក៏អត់ តែរុស្ស៊ីនឹងមិនពិចារណាយូរទេក្នុងការធ្វើសង្គ្រាមនុយក្លេអ៊ែរប្រសិនបើប្រទេសលោកខាងលិចហ៊ានធ្វើការ “ឈ្លានពានដោយផ្ទាល់” ចូលមកក្នុងជម្លោះមួយនេះ។ សូមបញ្ជាក់ថា ប្រទេសលោកខាងលិចដែលលោក Alexander Trofimov បានធ្វើការព្រមាននោះគឺជាក្រុមប្រទេសដែលជាសមាជិកអង្គការណាតូ ហើយពាក្យថាការឈ្លានពានដោយផ្ទាល់ពីសំណាក់ក្រុមប្រទេសលោកសេរីទាំងនេះគឺសំដៅដល់កសម្មភាពដែលប្រទេសជាសមាជិកណាតូទាំងអស់នេះនាំគ្នាប្រើប្រាស់កម្លាំងយោធាដោយផ្ទាល់ដើម្បីធ្វើអន្តរាគមន៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន៕

West could trigger nuclear war over Ukraine, Russia tells UN | Free Malaysia Today (FMT)

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: