ពលរដ្ឋអាមេរិក ៤នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ខណៈជាង ៤ពាន់នាក់ផ្សេងត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- August 3, 2022
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៤នាក់ស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅតំបន់អូរីហ្គីនភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ខណៈគិតត្រឹមពេលនេះអគ្គីភ័យដែលបានលេបត្របាក់ព្រៃយ៉ាងសន្ធោសន្ធៅនោះបានអូសបន្លាយចូលដល់ថ្ងៃទី ៥ហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានឲ្យដឹងថា សាកសពជនរងគ្រោះទាំង ៤នាក់នោះត្រូវបានរកឃើញនៅក្នុងកន្លែងផ្សេងគ្នានិងនៅក្នុងថ្ងៃផ្សេងគ្នា ហើយក្រោយប្រទះឃើញសាកសពខាងអាជ្ញាធរមិនបានជូនដំណឹងជាសាធារណៈភ្លាមៗនោះទេ ដោយគេត្រូវរង់ចាំការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះឲ្យបានច្បាស់ជាមុនសិន ដ្បិតជនរងគ្រោះត្រូវបានភ្លើងឆេះខ្លោចអស់មើលមិនស្គាល់នោះទេ។

ក្នុងចំណោមជនរងគ្រោះទាំងអស់នោះ មានសាកសពជនរងគ្រោះចំនួន ២នាក់ត្រូវបានគេរកឃើញនៅក្នុងរថយន្តដែលត្រូវបានភ្លើងឆេះខ្ទេចខ្ទីអស់មួយគ្រឿង ហើយតាមការសន្និដ្ឋានរបស់អាជ្ញាធរគឺមុនពេលស្លាប់ជនរងគ្រោះទាំង ២នាក់នោះព្យាយាមបើករថយន្តគេចចេញពីអគ្គីភ័យ តែរថយន្តទំនងជាបានជាប់គាំងទៅមុខមិនរួច ហើយពួកគេក៏មិនអាចរត់ចេញពីរថយន្តបានទាន់ពេលវេលាដែរ ដ្បិតអគ្គីភ័យបានរាលដាលក្នុងល្បឿនដ៏លឿនបំផុតមួយ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ មានពលរដ្ឋប្រមាណជា ៤,៥០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់ ខណៈផ្ទះនិងអាគារប្រមាណជា ១០០ខ្នងត្រូវបានបំផ្លាញទាំងស្រុងដោយសារអណ្តាតភ្លើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






