តៃវ៉ាន់ថ្កោលទោសចំពោះការធ្វើសមយុទ្ធយោធារបស់ចិន និងអះអាងជាសកម្មភាពរំលោភបំពាននឹងច្បាប់អង្គការសហប្រជាជាតិ
- BY
- Pheakdey
- August 4, 2022
តៃវ៉ាន់៖ ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយនៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ ដើម្បីឆ្លើយតបទៅនឹងវត្តមានរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់។ បើតាមបញ្ជាការដ្ឋានយោធាភាគខាងកើតរបស់ចិនបានបញ្ជាក់ថា សមយុទ្ធយោធានឹងត្រូវចាប់ផ្តើមពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ហើយត្រូវបិទបញ្ចប់នៅម៉ោង ១២យប់ ថ្ងៃទី ៧ ខែសីហា ដោយនៅក្នុងការធ្វើសមយុទ្ធយោធាមានទាំងសកម្មភាពហ្វឹកហ្វាត់របស់កងទ័ព ការបាញ់ក្នុងចម្ងាយឆ្ងាយ និងការបាញ់ដោយប្រើគ្រាប់ពិតផងដែរ។

យ៉ាងណាក្តី បើតាមមន្ត្រីជាន់ខ្ពស់របស់កោះតៃវ៉ាន់បានអះអាងថា ការធ្វើសមយុទ្ធយោធារបស់ចិនគឺជាសកម្មភាពរំលោភទៅនឹងច្បាប់របស់អង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ ពោលគឺជាសកម្មភាពឈ្លានពានដែនដីរបស់តៃវ៉ាន់ដោយខុសច្បាប់ ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍ដោយសេរីតាមផ្លូវសមុទ្រនិងផ្លូវអាកាសផងដែរ។ សូមបញ្ជាក់ថា ទីតាំងដែលចិនបានបើធ្វើសមយុទ្ធយោធានោះគឺមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ហើយតំបន់នោះក៏ជាចរន្តផ្លូវទឹកដ៏មមាញឹកកម្រិតពិភពលោកផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






