អន្តរជាតិ

តារាម៉ូដែលចិនម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ក្រោយប្រើល្បិចធ្វើជាយល់ព្រមរៀបការជាមួយបុរសរហូតដល់ ១៨នាក់ ហើយបោកលុយពីប្រុសៗទាំងនោះបានប្រមាណ ៣០ម៉ឺនដុល្លារ

BY
Pheakdey
August 5, 2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ​ ទី៥ ខែសីហានេះបានឲ្យដឹងថា មានស្រ្តីជាតារាម៉ូដែលចិនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនជុំវិញករណីឆបោកបុរសចំនួន ១៨នាក់ និងអាចប្រមូលបានប្រាក់ជាង ២លានយន់ (ប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិក) ពីក្រុមបុរសទាំងអស់នោះ។ ស្រី្តជាជនឆបោករូបនេះមានឈ្មោះថា Wu អាយុ ២៩ឆ្នាំ បានផ្តើមប្រើល្បិចឆបោកនេះនៅឆ្នាំ ២០១៧ ហើយទំនាក់ទំនងនិងការបោកប្រាស់ចំពោះក្រុមបុរសទាំង ១៨នាក់នោះគឺត្រូវបានអ្នកនាង Wu ធ្វើឡើងក្នុងពេលដំណាលគ្នាតែម្តង។

A ‘master of time management’ is how one woman who dated 18 men at once and conned US$300,000 by promising marriage is being described. Photo: Handout

ចំពោះល្បិចនៃការឆបោកគឺអ្នកនាង Wu បានសម្តែងធ្វើជាមនុស្សនៅលីវ និងមានបំណងចង់រៀបការជាមួយក្រុមបុរសទាំងអស់នោះ ហើយពេលខ្លះគាត់ថែមទាំងបានថតរូប Pre-Wedding ជាមួយក្រុមបុរសទាំងអស់នោះទៀតផងដើម្បីធ្វើឲ្យពួកគាត់ទុកចិត្តមកលើនាងកាន់តែខ្លាំង។ នៅក្នុងអំឡុងពេលនៃការទាក់ទងជាមួយក្រុមបុរសជនជាជនរងគ្រោះ អ្នកនាង Wu តែងល្បួងបោកយកប្រាក់ពីពួកគាត់ដោយកុហកថា ត្រូវការលុយដើម្បីព្យាបាលជំងឺផ្ទាល់ខ្លួន ត្រូវការលុយសម្រាប់ដាក់ធានាដើម្បីឲ្យបងប្អូនបាននៅក្រៅឃុំ ត្រូវការលុយយកទៅព្យាបាលជំងឺមហារីកឪពុក បង់ពន្ធលើទ្រព្យសម្បត្តិដែលគាត់ត្រូវទទួលជាមរតកពីពុកម្តាយ និងដើម្បីជួយទិញផ្ទះឲ្យប្អូនជាដើម។

យ៉ាងណាក្តី លុយដែលអ្នកនាង Wu ទទួលបានពីការឆបោកនោះគឺគាត់បានយកទៅដើរលេងចាយវាយយ៉ាងសប្បាយហ៊ឺហាតាមបែបអភិជន ខណៈរូបគាត់បានរៀបការជាមួយបុរសម្នាក់រួចហើយកាលពីឆ្នាំ ២០១៤ និងថែមទាំងមានកូនម្នាក់អាយុ ២ឆ្នាំទៀតផង ហើយចំណងស្នេហារវាងរូបគាត់និងស្វាមីគឺនៅបន្តជាធម្មតាផងដែរ។ រឿងរ៉ាវឆបោកនេះបានបែកធ្លាយនៅពេលមានបុរសជាជនរងគ្រោះមួយចំនួនបានសម្រេចដាក់ពាក្យស្នើសុំអាជ្ញាធរដើម្បីរៀបការជាមួយអ្នកនាង Wu តាមផ្លូវច្បាប់ ហើយក៏បានរកឃើញថា អ្នកនាង Wu បានរៀបការរួចរាល់ ហើយក្រោយមកក្រុមបុរសជាជនរងគ្រោះក៏បានដាក់ពាក្យប្តឹងជាបន្តបន្ទាប់រហូតដល់មានការស៊ើបអង្កេត និងឈានដល់ការចាប់ខ្លួនអ្នកនាង Wu តែម្តង៕

A wedding photo of Wu and one of her ‘fiancés’, who was convinced they were to be legally married soon. Photo: Shanghai Police Department

Many questions about fashion model Wu’s elaborate multiple lives remain. Photo: Shanghai Police Department

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: