មហាសេដ្ឋីវៀតណាមគ្រោងនឹងសាងសង់ខុនដូតម្លៃធូរៗឲ្យបានជាង ១លានយូនីត
អន្តរជាតិ August 6, 2022 Pheakdey

វៀតណាម៖ វៀតណាមគ្រោងនឹងសាងសង់ខុនដូឲ្យបានជាង ១លានយូនីត នៅត្រឹមឆ្នាំ ២០​៣០ នេះបើយោងតាមអត្ថបទមួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសោរ៍ ទី៦ ខែកក្កដានេះ។ គម្រោងនៃការសាងសល់ខុនដូនេះនឹងត្រូវចាប់ផ្តើមពីឆ្នាំ ២០២២ នេះតទៅ ដោយគម្រោងនៃការសាងសង់នឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុនចលនទ្រព្យជាច្រើនដែលមាននៅក្នុងប្រទេសវៀតណាមស្រាប់ ខណៈទីទាំងដែលត្រូវអភិវឌ្ឍន៍ឲ្យមានអាគារខុនដូនោះគឺមានទាំងនៅក្នុងទីក្រុងហូជីមិញ ក្រុងហាណូយ ក្រុងដាណាង​ និងនៅតាមបណ្តាញខេត្តមួយចំនួនដែលស្ថិតនៅភាគខាងត្បូងវៀតណាម។

កាលពីដើមខែនេះលោកមហាសេដ្ឋីវៀតណាម  Bui Xuan Huy និងជាប្រធានក្រុមហ៊ុនអចនទ្រព្យ Novaland ផងនោះបាននិយាយថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាថានឹងសាងសង់ខុនដូឲ្យបាន ២០០,០០០ យូនីតនៅតាមទីតាំងផ្សេងៗគ្នាទាំងនៅក្នុងក្រុងនិងនៅតាមបណ្តាខេត្ត។ ដោយឡែកសម្រាប់ក្រុមហ៊ុនអចនទ្រព្យ Vingroup វិញបានប្រកាសថា ក្រុមហ៊ុននឹងសាងសង់ខុនដូឲ្យបាន ៥០០,០០០យូនីត ដែលមានតម្លៃចាប់ពី ៣៣០លានដុង (១៤,១០៨ ដុល្លារអាមេរិក) ឡើងទៅសម្រាប់ខុនដូមួយយូនីត។

សូមបញ្ជាក់ជូនថា ក្រៅតែពីក្រុមហ៊ុនអចនទ្រព្យទាំង ២ខាងលើនេះក៏នៅមានក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀតផងដែរ ដែលសុទ្ធតែមានគោលដៅច្បាស់លាស់ដូចគ្នាក្នុងការអភិវឌ្ឍន៍ខុនដូ ហើយបើគិតជាសរុបអំពីចំនួនខុនដូដែលគេអាចសម្រេចបាននៅត្រឹមឆ្នាំ ២០៣០នោះគឺមានដល់ខ្ទង់ ១,៣លានយូនីត ខណៈតម្លៃគិតជាមធ្យមវិញគឺអាចមានចាប់ពី ១២,៨២៥ដុល្លារអាមេរិក រហូតដល់ ២១,៣៧៦ ដុល្លារអាមេរិកសម្រាប់ខុនដូមួយយូនីត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Next Shark