អន្តរជាតិ

មនុស្ស ២នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍រន្ទះបាញ់នៅមុខសេតវិមានអាមេរិក

BY
Pheakdey
August 6, 2022

អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែរន្ទះបាញ់ ដែលបានកើតមានឡើងនៅក្បែរសេតវិមានអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ហេតុការណ៍រន្ទះបាញ់បានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានៅម៉ោងប្រមាណជា ៧ល្ងាច និងបានកើតឡើងនៅក្នុងបរិវេននៃឧទ្យាន Lafayette Square ដែលមានទីទាំងស្ថិតនៅទល់មុខសេតវិមានអាមេរិកតែម្តង។


បើតាមនាយកដ្ឋានពន្លត់អគ្គីភ័យនិងសង្គ្រោះបន្ទាន់ក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ភ្លាមៗក្រោយពេលមានរន្ទះបាញ់គឺមានមនុស្សចំនួន ៤នាក់ដែលត្រូវរងគ្រោះថ្នាក់ ខណៈដែលពួកគេទាំងអស់នោះកំពុងឈរនៅក្រោមដើមឈើមួយដើម។ យ៉ាងណាក្តី ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យបានមួយថ្ងៃ ពោលគឺនៅថ្ងៃសុក្រ ទី៥ ខែសីហាមានជនរងគ្រោះចំនួន ២បានស្លាប់បាត់បង់ជីវិត ខណៈជនរងគ្រោះ ២នាក់ទៀតកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះថា Donna Mueller អាយុ ៧៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ James Mueller អាយុ ៧៦ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍ 

Share This Post: