ពលរដ្ឋបារាំងអំពាវនាវឲ្យមានការបង្ក្រាបលើអ្នកជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ ក្រោយបង្កគ្រោះថ្នាក់ដល់កុមារ ២នាក់របួសធ្ងន់
- BY
- Pheakdey
- August 8, 2022
បារាំង៖ ក្រុមអ្នកនយោបាយ និងប្រជាពលរដ្ឋបារាំងបានអំពាវនាវឲ្យមានការបង្ក្រាបទៅលើ “ក្រុមអ្នកជិះម៉ូតូហោះនៅតាមទីក្រុង” ក្រោយសកម្មភាពនៃការជិះម៉ូតូបង្ហោះបែបគ្រោះថ្នាក់របស់ពួកគេបានបង្កឲ្យមានកុមារចំនួន ២នាក់បានរងរបួសធ្ងន់ធ្ងរ។ បើយោងតាមការចុះផ្សាយរបស់កាសែត The Guardian នៅថ្ងៃអាទិត្យ ទី៧ ខែសីហានេះបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅមុខបរិវេណអាផាតមិនមួយកន្លែងនៅក្នុងទីក្រុងបារី ប្រទេសបារាំង ខណៈកុមាររងគ្រោះទាំង ២នោះកំពុងរត់លេងជាមួយគ្នា។

ក្នុងចំណោមកុមាររងគ្រោះទាំងអស់នោះគឺមានកុមារីម្នាក់អាយុ ១០ ឆ្នាំបានរងរបួសក្បាលធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ខណៈម្នាក់ទៀតជាកុមារា អាយុ ១១ បានត្រូវរងរបួសបាក់ឆ្អឹងធ្ងន់ធ្ងរផងដែរ។ ក្រោយកើតមានហេតុការណ៍អកុសលនេះ ជនបង្កហេតុដែលជាយុវជនអាយុ ១៨ឆ្នាំ បានសម្រេចចូលខ្លួនទៅប៉ុស្តិ៍ប៉ូលិសដើម្បីសារភាពកំហុសនិងទទួលខុសនៅតាមផ្លូវច្បាប់។ គួរបញ្ជាក់ជូនថា នាពេលកន្លងប៉ូលិសបារាំងតែងបង្ក្រាបករណីក្រុមអ្នកជិះម៉ូតូហោះនៅតាមទីក្រុងនេះជារឿយៗដើម្បីធ្វើការអប់រំពួកគេ តែបន្ទាប់មកសកម្មភាពគ្រោះថ្នាក់នេះនៅតែបន្តកើតមានដដែល៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Guardian
- Share This Post:






